(ព្រះវិហារ)៖ អំណោយរបស់សប្បុរសជនរួមមានថវិកា និងសម្ភារជាច្រើនមុខទៀត ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ និងក្រុមការងារនាំយកទៅចែកជូនដល់ប្អូនៗកុមារកំព្រា និងអ្នកមើលថែ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលកមារកំព្រា ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។

លោក វុធ សាវី បានថ្លែងថា ដោយមើលឃើញពីភាពខ្វះខាតរបស់ប្អូនៗកុមារកំព្រា និងអ្នកមើលថែ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានេះ រូបលោកមានចិត្តអាណិតអាសូរជាពន់ពេក ហើយក៏មានគំនិតថានឹងស្វះស្វែង រកជំនួយមកជួយសម្រាលការខ្វះខាតនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានេះឱ្យបាន។

លោកព្រះរាជអាជ្ញាររង បានបន្តថា «ការងារដែលលោកត្រូវធ្វើមុនគេនោះ គឺរូបលោកបានចូលទៅពិនិត្យនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានេះផ្ទាល់ ហើយបានថតរូបភាពជាច្រើនសន្លឹកបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេកប៊ុក លើអាខោនផ្ទាល់ខ្លួន ដោយអមនឹងខ្លឹមសារចាក់ដោតថា មជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ខ្ញុំមិនឱ្យអ្នកកម្សត់ឯការទៀតទេ ខ្ញុំសន្យានឹងអ្នកថា ខ្ញុំនឹងព្យាយាមជួយអ្នកតាមលទ្ធភាពនឹងអ្វីដែលខ្ញុំអាចធ្វើបានសម្រាប់កុមារកំព្រានៅទីនេះ កុមារជាទំពាំងស្នងឫស្សី កុមារជាសរសរទ្រូង នៃប្រទេសជាតិ អរគុណសន្តិភាព»

លោកព្រះរាជអាជ្ញារង វុធ សាវី បានបញ្ជាក់ថា បន្ទាប់ពីលោកបានបង្ហោះចូលក្នុងបណ្តាញសង្គមបានប៉ុន្មានថ្ងៃ មានមិត្តភ័ក្រ និងសប្បុរសជាច្រើនបានចូលរួមជាសម្ភារៈ និងថវិកាជាមួយលោក ទើបថ្ងៃនេះរូបលោកមានលទ្ធភាពនាំយកអំណោយទាំងនេះមកចែកជូនដល់ប្អូនៗកមារកំព្រា។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ម្ចាស់អំណោយរួមមាន៖ លោក សេង ម៉េង ស្រ៊ុន ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោកស្រីមេធាវី សាយ ស្រីចាន់ ប្រធានក្រុមមេធាវី (HNS) លោកស្រី ខូយ សម្បត្តិ និងស្វាមុី លោកស្រី ឆេង មករា និងស្វាមុីម្ចាស់ភោជនីយដ្ឋាន ភ្នំត្បែង លោក ចេង គឹមអូយ លោក លំ សេរីគុត និងសប្បរសជនជាច្រើនរូបទៀត។

លោកព្រះរាជអាជ្ញារង វុធ សាវី បានលើកទឹកចិត្តដល់ប្អូនៗកុមារកំព្រាទាំងអស់ សូមកុំអស់សង្ឃឹមក្នុងជីវិត ទោះបីប្អូនៗកំព្រាឪពុកម្តាយមែនតែប្អូនៗ មានអ្នកមើលថែ បានយ៉ាងល្អប្រកបដោយភាពកក់ក្តៅទៀតផង។ ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីអនាគត់ខ្លួនឯង និងប្រទេសជាតិ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងស្រវឹង គ្រឿងញៀនគ្រប់ប្រភេទ ដើម្បីឱ្យក្លាយខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ដែលសង្គមជាតិត្រូវការ ពិសេសត្រូវចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។

សូមបញ្ជាក់ថា កុមារកំព្រាដែលទទួលបានអំណោយនៅពេលនេះមានចំនួនសរុប ៦៥នាក់ និងអ្នកមើលថែ ចំនួន៨នាក់។ អំណោយដែលយកមកចែកជូននៅពេលនេះរួមមាន៖ អង្ករ ត្រីខ មី ទឹកសុីអុីវ ស្ករស អំបិល សៀវភៅ ប៊ិច ទឹកសុទ្ធ ម៉ាស និងថវិកាមួយចំនួនទៀត៕