(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញបន្ដចែកអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៣០០គ្រួសារ ដោយមានតំណាងមកទទួលចំនួន២០គ្រួសារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះសមាគមបញ្ញវន្តមុស្លិមឥណ្ឌូនេស៊ី ហៅកាត (ICMI) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលបានផ្តល់អំណោយជាកញ្ចប់អាហារសម្រាប់ចូលបួសក្នុងឆ្នាំនេះ ដែលមានសរុប៤៥០កញ្ចប់ ដោយឡែកការចែកជូននាពេលពេលនេះ មានចំនួន៣០០កញ្ចប់ ហើយកញ្ចប់ដែលនៅសល់ នឹងធ្វើការចែកជូនបងប្អូននៅទីកន្លែងផ្សេងទៀត។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្ដថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់ ព្រឹត្តិការណ៍២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ និង៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់ នៃការឆ្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ។

លោកទេសរដ្ឋមន្ត្រី បានលើកពីការបូជាសព ចំពោះអ្នកស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជា គឺតម្រូវឲ្យបូជាសពទាំងអស់។ ដោយឡែកខាងសហគមន៍ឥស្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យបញ្ចុះតាមក្រិតក្រមសាសនា ដោយអនុវត្តន៍តាមវិធានការនានារបស់ ក្រសួងសុខាភិបាល។ លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានប្រគល់ដីមួយកន្លែងសម្រាប់បញ្ចុះសព ចំនួន៥ហិកតានៅខេត្តកំពង់ស្ពឺ ដែលមានចំងាយ១៣៥គីឡូម៉ែត្រ ពីភ្នំពេញ។

សូមបញ្ជាក់ថា នៅក្នុងកញ្ចប់អំណោយនីមួយៗ មានអង្ករផ្ការម្លិះ ២០គីឡូក្រាម, ស្ករស២គីឡូ, ទឹកដោះគោខាប់៥កំប៉ុង, ប្រេងឆា២លីត្រ និង ល្មើ១គីឡូ៕