(ព្រៃវែង)៖ លោក អ៊ុត សុភាព ប្រធានសាខាការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តព្រៃវែង ក.ប.ប សហការពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញដែល អាល់កុល និងអង្កេតតម្លៃលក់ម៉ាស នៅតាមបណ្តាឱសថស្ថាន តូប ក្នុងផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៥ សង្កាត់កំពុងលាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមានអាល់កុលដែលជាមេតាណុលសរុបចំនួន១២កាន និង១៦៣ដប ស្មើនឹង៤៥០,៥លីត្រ និងទំនិញខូចគុណភាពហួសកំណត់ថ្ងៃប្រើប្រាស់មួយចំនួនទៀតដូចជា៖ មីកញ្ចប់ ត្រីខកំប៉ុង ទឹកម្ទេស ទឹកខ្មេះ ជាដើមសរុបចំនួន ៨,៦គីឡូក្រាមបន្ថែមទៀត។ បន្ទាប់មកមន្ត្រីជំនាញក៏បានធ្វើកំណត់ហេតុដកហូតទំនិញគ្មានគុណភាពទាំងនោះ យកមករក្សាទុកដើម្បីកំទេចចោល។

លោក អ៊ុត សុភាព បានថ្លែងថា ការចុះប្រតិបត្តិការនេះ ក្នុងគោលបំណងតាមដានតម្លៃទំនិញ និងពិនិត្យគុណភាពទំនិញចាំបាច់មួយចំនួនដែលជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងពេលដែលប្រជាជនកម្ពុជាទាំងអស់កំពុងតែមានជីវភាពខ្វះខាត ជួបការលំបាកប្រទះគ្រោះនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសទំនិញអាល់កុល ជែលលាងដៃ និងម៉ាស ជាឱកាសធ្វើឱ្យមានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួនដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់តម្លៃខ្ពស់ កេងយកផលចំណេញហួសហេតុពេក មិនបានគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់។ ជាបឋមមន្ត្រីជំនាញបានធ្វើតេស្តបឋមមើលរកសារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ និងបានធ្វើតេស្តបឋមទៅលើអាល់កុលមើលរកសារធាតុមេតាណុល និងដឺក្រេអាល់កុលបន្តទៀត។

នៅរសៀលថ្ងៃដដែលនោះដែរ ក្រោយពីមន្ត្រីជំនាញទទួលបានព័ត៌មាន នៃការស៊ើបអង្កេតនៅតាមបណ្តាលតូបលក់អាល់កុលក្លែងក្លាយមក វេលាម៉ោង៤ មន្ត្រីជំនាញក៏បានសហការជាមួយអាជ្ញាធរដែនដី ជាពិសេសព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចុះទៅបង្ក្រាបកន្លែងលក់និងចែកចាយអាល់កុលក្លែងក្លាយ១កន្លែង មានទីតាំងនៅផ្ទះសំណាក់ណាវី ស្ថិតនៅភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ រីឯតម្លៃលក់ទំនិញនៅផ្សារក្រុងព្រៃវែង មានលក្ខណៈជាធម្មតាមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស អាល់កុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណាដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕