(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាតិថៃ ប្រុសស្រីចំនួន៧នាក់ ដែលចូលមកធ្វើការនៅកម្ពុជា ដោយគ្មានឯកសារគ្រប់គ្រាន់ នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា «កម្លាំងចម្រុះ រួមមានកម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាវរៈ៥១១ បានចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃ ចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ»

សមត្ថកិច្ចដដែលបានឱ្យដឹងថា ជនជាតិថៃទាំង៧នាក់ ក្រោយពីសមត្ថកិច្ចសួរនាំបានភាពថា ពួកគេទាំងអស់មកពីខេត្តឈៀងរ៉ាយ ប្រទេសថៃ និងមកស្នាក់នៅក្រុងប៉ោយប៉ែត រយៈពេល១សប្តាហ៍ហើយ ដើម្បីធ្វើការងារបន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បន្ទាប់ពីធ្វើការសាកសួររួចរាល់ កម្លាំងសមត្ថកិច្ចចម្រុះបានប្រគល់ជនជាតិថៃទាំង ៧នាក់នេះ ជូនផ្នែកជំនាញ នៃអធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីច្បាប់៕