(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ ឧបាសក ខៀវ សាន ដែលត្រូវជាឪពុកបង្កើតរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ, សម្តេចក្រឡាហោម ស ខេង បានបង្ហាញក្តីសោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាមានក្តីសង្វេគសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ ឧបាសក ខៀវ សាន ដែលត្រូវជាឪពុកបង្កើតឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កាលពីវេលាម៉ោង២៣៖១៥នាទីយប់ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ»

ក្នុងវេលាគួរឱ្យអាឡោះអាល័យនេះ សម្តេចក្រឡាហោម ស ខេង និងភរិយា សូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះថាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាឪពុក ឪពុកក្មេង និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាដែលកន្លងមកក្នុងឆាកជីវិតរបស់ឧបាសក ខៀវ សាន បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតបានក្លាយជាបញ្ញវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ថា ឧបាសក ខៀវ សាន បានទទួលមរណភាព នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣៖១៥នាទីយប់ ដោយជរាពាធ ក្នុងជន្មាយុ៩១ឆ្នាំ។ សពឧបាសកត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរី ជីបម៉ុង ផ្ទះលេខ៣១ ផ្លូវលេខ០៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕