(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ ឧបាសក ខៀវ សាន ដែលត្រូវជាឪពុកបង្កើតរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំចំពោះមរណភាព ឧបាសក ខៀវ សាន ត្រូវជាឪពុកបង្កើតឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កាលពីវេលាម៉ោង២៣៖១៥នាទីយប់ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ»។

ក្នុងវេលាគួរឱ្យអាឡោះអាល័យនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះថាការបាត់បង់ឧបាសក ខៀវ សាន គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេង ជីតា ជីតាទូត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ប្រពៃសម្រាប់កូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត និងមិត្តជិតឆ្ងាយទាំងអស់។ រូបកាយរបស់ឧបាសក ខៀវ សាន បាត់បង់ទៅមែនពិត ប៉ុន្តែ បានបន្សល់នូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម និងគម្រូវីរភាពជាប់ក្នុងនោសញ្ចេតនាបុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិជិតឆ្ងាយទាំងអស់ជានិរន្តរ៍។

សូមបញ្ជាក់ថា ឧបាសក ខៀវ សាន បានទទួលមរណភាព នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣៖១៥នាទីយប់ ដោយជរាពាធ ក្នុងជន្មាយុ៩១ឆ្នាំ។ សពឧបាសកត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរី ជីបម៉ុង ផ្ទះលេខ៣១ ផ្លូវលេខ០៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕