(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្ត នូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ រយៈពេល១៤ថ្ងៃ ក្នុងករណីរកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយ នៃភូមិសាស្ត្រខេត្តកំពង់ចាម។

បើតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសានេះ បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០-កុម្ភៈ» នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ដើម្បីបន្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាម សូមណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តវិធានការរដ្ឋបាលខេត្តចាំបាច់នានាដែលរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដូចខាងក្រោម៖

ទី១៖ ត្រូវបានអនុញ្ញាតឱ្យកងកម្លាំងដែលបានប្រចាំការនៅតាមគោលដៅជាប់ព្រំប្រទល់ខេត្ត និងខេត្ត ចូលមកបំពេញការងារនៅតាមអង្គភាពដើមវិញ។

ទី២៖ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវរមណីយដ្ឋានទេសចរណ៍នានាទន្ទឹមនេះមន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ចុះត្រួតពិនិត្យ និងណែនាំដល់អ្នកគ្រប់គ្រង ម្ចាស់អាជីវកម្ម និងអាជីវករ នៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃក្នុងខេត្តកំពង់ចាម ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំក្រសួងសុខាភិបាល ដោយត្រូវរៀបចំ ប្រដាប់វាស់កំដៅ អាល់កុលលាងដៃ និងពាក់ម៉ាសឱ្យបានជាប់ជាប្រចាំទាំងបងប្អូនអាជីវករ និងភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្ត។

ទី៣៖ គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តធ្វើការអប់រំផ្សព្វផ្សាយ ណែនាំ និងត្រួតពិនិត្យតាមដានឱ្យបានជាប់ជាប្រចាំនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន។

ទី៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ បន្តគ្រប់គ្រងប្រជាពលរដ្ឋចូលមកស្នាក់នៅក្នុងមូលដ្ឋាន ឬចំណូលស្រុក មកពីតំបន់ដែលបិទខ្ទប់ តំបន់ដែលមានហានិភ័យខ្ពស់តម្រូវឱ្យពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ឬរដ្ឋបាលស្រុកសាមី។ ដោយឡែកអ្នកមកពីតំបន់ផ្សេងដែលមិនមានហានិភ័យខ្ពស់ តម្រូវឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន។

ក្នុងករណីរកពុំឃើញវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឱ្យស្នាក់នៅ និងបំពេញការងារដោយតម្រូវឱ្យមានការជូនដំណឹង និងបញ្ជាក់អំពីទីកន្លែងស្នាក់នៅ ជូនដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា៖ ពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព នៅអំឡុងពេលស្នាក់នៅ។ ក្នុងករណីរកឃើញចំណូលស្រុកណាម្នាក់ មានវិជ្ជមានកូវីដ-១៩ ត្រូវអនុវត្តវិធានការបិទខ្ទប់ភូមិនោះ រយៈពេល១៤ថ្ងៃ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ-ចូល ឬប្រាស្រ័យទាក់ទងគ្នាឡើយ។

ទី៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បន្តពង្រឹង ការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រដែលរដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ បន្ទាប់ពីរកឃើញករណីឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

ទី៦៖ ស្នងការដ្ឋានគរបាលខេត្ត ត្រូវសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដែលបោះទីតាំង តាមគោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យអ្នកដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់ ឬតំបន់បិទខ្ទប់ ដែលមានបំណងចូលមកក្នុងភូមិសាស្ត្រខេត្ត ឬឆ្លងកាត់ខេត្តកំពង់ចាម ត្រូវយកសំណាកភ្លាមៗដោយ ធ្វើតេស្តរហ័ស (Rapid Test) មុននឹងអនុញ្ញាតឱ្យបន្តដំណើរទៅទៀត។

ទី៧៖ មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ចុះត្រួតពិនិត្យការអនុវត្តរបស់បងប្អូនអាជីវករ ដេប៉ូចែកចាយស្រាបៀរគ្រប់ប្រភេទ និងអាជីវកម្មផ្នែកអាហារ-គ្រឿងស្រវឹងគ្រប់ប្រភេទ។ ក្នុងករណីរកឃើញថាម្ចាស់អាជីវកម្មណាមួយដែលមិនព្រមអនុវត្ត ឬអនុវត្តផ្ទុយពីខ្លឹមសារនៃសេចក្តីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

ទី៨៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងឃុំ-សង្កាត់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល ដែលរដ្ឋបាលខេត្តដាក់ចេញដូចខាងក្រោម៖

ក. ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវ៖

* ទីតាំងដេប៉ូចែកចាយស្រាបៀរគ្រប់ប្រភេទ អាហាដ្ឋាន និងកន្លែងដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សកម្មភាពអាជីវកម្មពេលរាត្រីរួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័តផ្សាររាត្រី ផ្សារទំនើប ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានា ដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង២០៖០០នាទី ដល់ម៉ោង០៥៖០០នាទីព្រឹកជាកំហិត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
* រាល់សកម្មភាពកីឡា និងការប្រមូលផ្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្តសប្បាយនានានៅតាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន។

ខ. ត្រូវបានលើកលែងនូវ៖

* ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយគ្នា និងការរៀបចំពិធីបុណ្យសពដោយត្រូវកម្រិតមិនឱ្យមានការជួបជុំមនុស្ស ក្នុងទ្រង់ទ្រាយធំ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។
* ការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចសង្គ្រោះបន្ទាន់ យកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
* ការជួបជុំមនុស្សដើម្បីផ្តល់ជំនួយចាំបាច់នានាដល់ជនងាយរងគ្រោះ ឬជនរងគ្រោះ និងសកម្មភាពបម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
* ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវីធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី៕