(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី នៅស្រុកបាទី និងស្រុកត្រាំកក់។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ រួមមាន៖ ទី១៖ ឈ្មោះ មាស ម៉េងហៀង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់, ទី២៖ ឈ្មោះ ញិល ង៉ែត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី និងទី៣៖ ឈ្មោះ លី ហាណា ភេទស្រី អាយុ០២ឆ្នាំ ៣ខែ រស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី។ បច្ចុប្បន្នបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា ស្ថិតក្នុងស្រុកត្រាំកក់ និងមន្ទីរពេទ្យបង្អែកស្រុកបាទី។

សូមបញ្ជាក់ថា ឈ្មោះ មាស ម៉េងហៀង ជាកម្មករអូសបន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ បានមកស្រុកកំណើតនៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅធ្វើតេស្តលើកទី២ លទ្ធផលសំណាកចេញមក គឺវិជ្ជមានជំងឺកូវីដ-១៩។ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់មានចំនួន០៤នាក់ ស្រី០២នាក់ ដែលស្នាក់នៅបន្ទប់ចត្តាឡីស័កជាមួយគ្នា)។

ដោយឡែក ឈ្មោះ ញិល ង៉ែត បានប៉ះពាល់ដោយផ្ទាល់ជាមួយឈ្មោះ ហ៊ាង រាជ្យ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី បុគ្គលវិជ្ជមានជំងឺកូវីដ -១៩ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ និងឈ្មោះ លី ហាណា បានប៉ះពាល់ដោយផ្ទាល់ជាមួយម្ដាយរបស់ខ្លួន ឈ្មោះ វុធ សុខេន អាយុ២៦ឆ្នាំ រស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី បុគ្គលវិជ្ជមានជំងឺកូវីដ -១៩ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នពាក់ព័ន្ធករណីនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយឈ្មោះ ញិល ង៉ែត និងឈ្មោះ លី ហាណា បន្ថែមទៀត៕