(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគបរិភោគ ជាអំណោយសប្បុរសធម៌របស់ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានតំណាងលោក ស សុខា នាំយកមកប្រគល់ជូន លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅស្នាក់ការភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ.

ស្បៀងទាំងនោះ រួមមាន៖ អង្ករ ចំនួន ៥០០បាវ,ទឹកសុទ្ធ ចំនួន ៥០០កេស,ត្រីខ ចំនួន ២៥០កេស,ទឹកត្រី ចំនួន ៥០០យួរ,ទឹកស៊ីអ៊ីវ ចំនួន ៥០០យួរ និងថវិការ ចំនួន ៥ពាន់ដុល្លារ។

លោក សែម គន្ធា តំណាងលោក ស សុខា បាននាំការសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យទាំងមូល ដែលកំពុងទទួលរងឥទ្ធិពល នៃការីករាលដាលកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភនេះ ដោយសារតែមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ជាបណ្តុំនៃរោងចក្រ សហគ្រាស មានកម្មករ កម្មការិនីច្រើន បានធ្វើឱ្យតំបន់នេះ មានការប្រឈមខ្ពស់ចំពោះការរីករាលដាលកូវីដ-១៩ ។

ក្នុងពេលដែលរាជរដ្ឋាភិបាល កំពុងមានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពិតជាធ្វើឱ្យកម្មករ កម្មការិនី និងប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារ ជួយនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃយ៉ាងពិតប្រាកដ។ ហេតុនេះហើយ បានជាលោក ស សុខា បានចែករំលែកអំណោយផ្ទាល់ខ្លួន ជួយជាស្បៀងអាហារ មកខណ្ឌពោធិ៍សែនជ័យ ដើម្បីបានជាការរួមចំណែក ជួយបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា ហើយអំណោយទាំងនេះ ជាការជួយរំលែបបន្ទុករបស់រាជរដ្ឋាភិបាលបានមួយចំណែកតូចដែរ។

ជួសមុខឱ្យប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ស សុខា ដែលជានិច្ចកាលតែងមានមនោសញ្ចេតនាផ្សារផ្ជាប់ជាមួយ ប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យជាបន្តបន្ទាប់ ពិសេសវិស័យមនុស្សធ៌ម ជួយជនរងគ្រោះ។

លោកអភិបាលខណ្ឌបញ្ជាក់ថា ក្នុងខណ្ឌពោធិ៍សែនជ័យ មានប្រជាពលរដ្ឋអចិន្រ្តៃយ៍ ប្រមាណ២០ម៉ឺននាក់ និងអ្នកស្នាក់នៅ ជាកម្មករ កម្មការិនី ជិត២០ម៉ឺននាក់ សរុប ជាង៤០ម៉ឺននាក់ ក្នុងចំនួននេះ ខណ្ឌពោធិ៍សែនជ័យ និងត្រូវការជំនួន ជាស្បៀងអាហារ ប្រមាណជាង២០ម៉ឺនកញ្ចប់ ដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋដែលខ្វះខាត ដែលបច្ចុប្បន្ននេះ ខណ្ឌទើបចែកស្បៀងជូនប្រជាពលរដ្ឋបាន ជាង ៤ម៉ឺនគ្រួសារតែប៉ុណ្ណោះ ដែកភាគច្រើនជាកម្មករ រោងចក្រ ចំណែកគ្រួសារអចិន្រ្តៃយ៍ មិនទាន់មានលទ្ធភាព ចែកស្បៀងជូនពួកកាត់នៅឡើយទេ៕