(សៀមរាប)៖ ក្នុងថ្ងៃដំបូងនៃការបើកឱ្យចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ៧០១ នាក់ បានចូលទស្សនានៅក្នុងរមណីយដ្ឋានទេសចរណ៍នេះ, នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

គួររំឭកថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងរួម ស្ដីពីការបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ បន្ទាប់ពីផ្អាកការចូលទស្សនាជាបណ្ដោះអាសន្នអស់រយៈពេល ១៩ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៧-២៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

លោក ឡុង កុសល បានបញ្ជាក់យ៉ាងដូច្នេះថា «ភ្ញៀវទេសចរដែលបានចូលទស្សនាតាមគោលដៅប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរទាំងមូល សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ មានចំនួនសរុប ៧០១ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៦៨០ នាក់ និងភ្ញៀរអន្តរជាតិក្នុងស្រុក ១៦ នាក់ បូកទាំងព្រះសង្ឃ ៥ អង្គទៀតផងដែរ»។

មន្ត្រីអ្នកនាំពាក្យរូបនេះថែមទាំងបានបញ្ជាក់ពីគោលដៅទស្សនាជាច្រើនដែលភ្ញៀវទេសចរបានចូលទៅដល់ ក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្តី និងស្រះស្រង់ ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទព្រះខ័ន ប្រាសាទភិមានអាកាស ប្រាសាទបាលិលេយ្យ ប្រាសាទបាភួន (បាពួន) ខ្លោងទ្វារតាកាវ (ខ្លោងទ្វារខាងលិចនៃក្រុងអង្គរធំ) ប្រាសាទធម្មនន្ទ ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ប្រាសាទតានៃ ខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូងនៃក្រុងអង្គរធំ) ប្រាសាទសួរព្រ័ត្រ ប្រាសាទក្រវាន់ ប្រាសាទបាតជុំ ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទភ្នំក្រោម ប្រាសាទវត្តអធ្វា ប្រាសាទមេបុណ្យខាងលិច និងបារាយណ៍ទឹកថ្លា ប្រាសាទបន្ទាយសំរែ ប្រាសាទភ្នំបូក ប្រាសាទបន្ទាយស្រីជាដើម។

លោកបានបន្តថា ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបង្ការធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងនេះ ដោយតម្រូវឱ្យភ្ញៀវទេសចរអនុវត្តតាមវិធានការ «៣ការពារ និង ៣កុំ» យ៉ាងខ្ជាប់ខ្ជូន ក្នុងពេលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរក្នុងថ្ងៃដំបូងនេះ និងតទៅមុខទៀត។

ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវវិធានការសម្រាប់មន្ត្រី និងភ្នាក់ងារបំពេញកិច្ចការតាមទីតាំងប្រាសាទទាំងអស់ ត្រូវអនុវត្តជាប្រចាំនូវវិធានការ «៣ការពារ និង ៣កុំ» នេះឲ្យបានជាប់ជាប្រចាំ។

ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទៅ មុនពេលចូលទស្សនាប្រាសាទ គឺតម្រូវឲ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្កេនកម្មវិធី QR Code ចុះឈ្មោះដើម្បីទប់ស្កាត់មេរោគកូវីដ១៩ ជាពិសេសមិនឱ្យមានភាពប្រមូលផ្តុំ ឬការឈរកៀកៗគ្នាឡើយ។

អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមមានការយោគយល់ និងចូលរួមអនុវត្តឲ្យបានល្អប្រសើរទាំងអស់គ្នា៕