(ភ្នំពេញ)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានអនុញ្ញាតជាផ្លូវការឲ្យប្រទេសកម្ពុជា នាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ ចូលប្រទេសចិន។ នេះបើតាមការបញ្ជាក់ របស់លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

លោក វេង សាខុន បានបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោកអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការ ក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា»

លោករដ្ឋមន្ដ្រី បានបន្ដទៀតថា ចំពោះការរៀបចំពីធីជាផ្លូវការ នៃការនាំស្វាយស្រស់ចេញពីកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយ លោកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្ត នៅក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា ក្រសួងកសិកម្មកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញ ផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។

នៅក្នុងខ្លឹមសារ នៃពិធីសារបានកំណត់ថា ស្វាយដែលដាំដុះ ក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួល ស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តន៍ការដាំដុះ តាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញ ត្រូវឆ្លងកាត់ ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយ ដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment - VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment - HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យ ដូចមានចែងក្នុងពិធីសារ។

អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិនចំនួន៥៥ ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។ អគ្គនាយកដ្ឋានកសិកម្ម ក៏បាននិងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ ជាបន្តបន្ទាប់ថែមទៀតផងដែរ។

អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋាន ដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យរបស់ប្រទេសចិនបានចំនួន ៣៧ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កម្ចាត់ ពងរុយចោះផ្លែស្វាយ ដោយប្រើចំហាយទឹកក្តៅ (VHT) ចំនួន០២ និងរោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយ ដោយប្រើទឹកក្តៅ (HWT) ចំនួន០៣ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មន្ត្រីជំនាញនៃ GACC ប្រចាំខេត្តក្វាងស៊ី បានដំណើរការត្រួតពិនិត្យចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មកម្តៅ កម្ចាត់ពងរុយចោះផ្លែស្វាយ តាមរយៈប្រព័ន្ធវីឌីអូ។ ជាលទ្ធផល បន្ទាប់ពីការចរចាបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់ កម្ពុជាទៅកាន់ប្រទេសចិន។

រោងចក្រវេចខ្ចប់ទាំង០៥នោះ រួមមាន ១-ក្រុមហ៊ុន HYUNDAI MAO LEGACY CO., LTD; ២-ក្រុមហ៊ុន SHANGDA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC; ៣-ក្រុមហ៊ុន AL JAZEELAND FOOD PTE. LTD; ៤-ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD និង៥-ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD។

ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន៕