(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវលើកពេលទៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១វិញ។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះ៖ «សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ដែលគ្រោងរៀបចំនៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង៩៖០០ព្រឹកវិញ»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។

នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេចនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង០០៖០០ ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១៕