(បាត់ដំបង)៖ ព្រះអង្គធម្មបាលោ ប្រាក់ ឃុន អ្នកប្រាជ្ញចេះភាសាបាលីស្ទាត់ជំនាញ និងជាអតីតជាគ្រូបង្រៀនភាសាបាលីជើងចាស់មួយអង្គ កាលពីវេលាម៉ោង០៣៖៥០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអនិច្ចធម្មក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា ស្ថិតក្នុងវ័យជរា មិនអាចក្រោកនិមន្តទៅណាបានកំពុងតែសិងនៅលើគ្រែ។

ព្រះតេជព្រះគុណធម្មបាលោ ប្រាក់ ឃុន ព្រះអង្គជាអ្នកប្រាជ្ញពុទ្ធសាសនាមួយរូបដែលមានស្រុកកំណើតនៅខេត្តតាកែវ។ ព្រះអង្គប្រសូតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩២៦ ក្នុងគ្រួសារកសិករមួយ។ កាលពីក្មេងធ្លាប់ចូលសាងផ្នួសបួសរៀនធម៌អាថ៌ចេះយ៉ាងស្ទាត់ជំនាញ ជាពិសេសផ្នែកភាសាបាលី។ ក្រោយបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ក្នុង១៩៥៦ ព្រះអង្គធម្មបាលោក៏បានលាចាកសិក្ខាបទ ហើយបានប្រឡងជាប់ជាគ្រូបង្ហាត់នៅក្រសួងអប់រំជាតិ។

ព្រះអង្គធម្មបាលោ ប្រាក់ ឃុន បានបន្សល់ទុកនូវស្នាព្រះហស្តយ៉ាងច្រើនជាអនេក ជាពិសេសការរៀបរៀងសៀវភៅធម៌ សៀវភៅភាសាបាលី ការសរសេរចម្លងឡើងវិញនូវសៀវភៅវេស្សន្តរជាតក និងការថតចម្លងជាសំឡេងបកប្រែគម្ពីរធម្មបទដ្ឋកថា។ ក្រៅពីនេះព្រះអង្គធម្មបាលោ ក៏បានចំណាយថវិកាកសាងសមិទ្ធផលផ្សេងៗ តាមបណ្តាវត្តមួយចំនួន ក្នុងនោះក៏មានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ផងដែរ។

ដោយការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ព្រះអង្គធម្មបាលោ ប្រាក់ ឃុន បានទទួលនូវការគោរព និងកោតសរសើរយ៉ាងក្រៃលែងពីសំណាក់ថ្នាក់ដឹកនាំព្រះសង្ឃ គ្រហស្ថ និងជាពិសេសសិស្សគណដែលធ្លាប់បានទទួលចំណេះដឹងពីលោកឪ រហូតដល់ទទួលបានងារកិត្តិយសថា «កិត្តិបណ្ឌិតភាសាបាលី»។

នៅជីវិតចុងក្រោយ ព្រះអង្គធម្មបាលោ ប្រាក់ ឃុន បានសម្រេចចិត្តមកបួសសន្សំកុសលមគ្គផលម្តងទៀត ក្នុងវត្តអាស្រមព្រះគន្ធកុដិ ក្នុងខេត្តបាត់ដំបង។

ទោះជាស្ថិតក្នុងវ័យជរាក៏ដោយ ក៏ព្រះអង្គធម្មបាលោ នៅតែមានស្មារតីល្អជានិច្ច ហើយខំប្រតិបត្តិតាមពុទ្ធឱវាទនៃព្រះសម្មាសម្ពុទ្ធយ៉ាងខ្ជាប់ខ្ជួន។ លើសពីនេះព្រះអង្គធម្មបាលោ ប្រាក់ ឃុន នៅតែមានការព្រួយបារម្ភគិតគូរចំពោះពុទ្ធសាសនា ចំពោះការសិក្សារបស់សមណសិស្ស និងអនាគតពុទ្ធិកសិក្សា ទាំងដែលខ្លួនលោកឪផ្ទាល់កំពុងតែស្ថិតនៅក្នុងវ័យជរាពាធមិនអាចក្រោកទៅណាបាន។ នេះគឺជាគំរូដ៏ល្អមួយសម្រាប់សង្គមសង្ឃ ក្នុងការបណ្តុះឆន្ទៈ មនសិការធ្វើការងារផ្សព្វផ្សាយព្រះពុទ្ធសាសនាតទៅ៕