(ក្រចេះ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ាត់ រំម្នី សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនគ្រួសារសាសនិកឥស្លាមចំនួន៤០០គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន៧ ក្នុងឃុំព្រែកសាម៉ាន់ និងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ម៉ាត់ រំម្នី បាននាំនូវសាឡាមផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនដោយក្តីនឹករលឹកបំផុត និងបានផ្តាំផ្ញើឲ្យបងប្អូន ខិតខំអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺបីកុំ និងបីការពារ ក៏ដូចជាវិធានការពារផ្សេងៗ របស់ក្រសួងសុខាភិបាល និងសូមទៅចាក់វ៉ាកសាំងការពារឲ្យបានគ្រប់ៗគ្នាតាមការកំណត់។

អំណោយទាំងនេះ ជាការឧបត្ថម្ភរបស់សមាគម Hasene នៃប្រទេសតួកគី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សហការជាមួយសមាគមយុវជនមុស្លិមកម្ពុជា (CMYA)។ ក្នុងញ្ចប់អំណោយនីមួយៗមាន អង្ករ ២០គីឡូក្រាម, ស្ករស ២គីឡូក្រាម, ប្រេងឆា ២លីត្រ, ទឹកដោះគោ ៤កំប៉ុង, មី ១០កញ្ចប់, អំបិល ១គីឡូក្រាម និងផ្លែលម៉ើ ០.៥គីឡូក្រាម៕