(កណ្ដាល)៖ មនុស្សចំនួន១៨នាក់បន្ថែមទៀត រស់នៅឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានរកឃើញថាកើតជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដទាំង១៨នាក់ដែលទើបរកឃើញនេះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលកាស៊ីណូព្រីន។ ដោយឡែក មនុស្ស៤៨នាក់ផ្សេងទៀត មានជាប់ពាក់ព័ន្ធដោយផ្ទាល់ តម្រូវឲ្យពួកគាត់ទាំងអស់គ្នាធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យពោធិ៍បាន ស្រុកកោះធំ និងបន្តតាមដានសុខភាពរបស់ពួកគាត់។

បើតាមលោ្ គួយ ប៊ុនធឿន ពួកគាត់ឆ្លងគ្នាតាមរយៈអ្នកលក់ដូរបន្លែនៅស្រុកស្អាង ហើយមន្ត្រីសុខាភិបាលកំពុងតាមប្រមូលអ្នកពាក់ព័ន្ធទាំងអស់ យកទៅធ្វើចត្តាឡីស័ក តែពុំទាន់កំណត់បានចំនួនប៉ុន្មាននាក់នៅឡើយទេព្រោះកំពុងធ្វើការ។

ផ្អែកតាមព័ត៌មានពីអ្នកដឹងរឿងច្បាស់ចេញពីមូលដ្ឋានថា ក្រុមពលរដ្ឋដែលឆ្លងកូវីដ១៩នេះ ភាគច្រើនចូលចិត្តប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃ ដែលផ្ទុយនឹងបម្រាមរបស់រដ្ឋបាលខេត្តកណ្ដាល៕