(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តផ្ដល់នូវអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋពីរគ្រួសារ ដែលទើបសម្រាលបានកូនភ្លោះបីៗនាក់ ក្នុងនោះមួយគ្រួសារមានទីលំនៅក្នុងខេត្តសៀមរាប និងមួយគ្រួសារទៀតមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះជាការទទួលបានពរជ័យដ៏ឧត្តុង្គឧត្តមមួយចំពោះគ្រួសារទាំងពីរខាងលើ ដោយទារកទាំង៦នាក់ជាកូនៗរបស់ពួកគាត់ ក៏បានក្លាយជាចៅៗរបស់សម្ដេចទាំងទ្វេផងដែរ។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូនគ្រួសារកូនភ្លោះបីៗនាក់ខាងលើនេះ ត្រូវបានប្រគល់ជូនតាមរយៈលោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ក្នុងនាមតំណាងលោក សេង ទៀង ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ការអវត្តមានរបស់លោក សេង ទៀង ក្នុងការនាំយកអំណោយទៅចែកជូនគ្រួសារកូនភ្លោះដោយផ្ទាល់ដៃនេះ គឺដោយហេតុថា លោកមិនអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្លងទៅខេត្តដទៃបាន (ជាការអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល) ដូច្នេះហើយ លោកក៏បានចាត់ឱ្យលោក គុជ លីណា ជាតំណាង ឱ្យនាំយកអំណោយទៅប្រគល់ជូនគ្រួសារកូនភ្លោះនេះជំនួសវិញ។

គួរជម្រាបថា គ្រួសារទី១ សម្រាលបានកូនភ្លោះប្រុស ៣នាក់ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដែលឪពុករបស់ទារកមានឈ្មោះ ប៉ុញ ដក់ អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ ហៀប សារី អាយុ៣០ឆ្នាំ ពួកគាត់មានស្រុកកំណើតនៅភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ គ្រួសារទី២ សម្រាលបានកូនភ្លោះស្រី ៣នាក់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបដែរ ប៉ុន្តែពួកគាត់មានស្រុកកំណើតនៅភូមិគោកច្រេះ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឪពុកមានឈ្មោះ នួន សីលា អាយុ២៤ឆ្នាំ និងម្តាយឈ្មោះ ជុំ ម៉ាលីនដា អាយុ២៤ឆ្នាំ។

ចំពោះអំណោយដែលបានប្រគល់ជូនគ្រួសារកូនភ្លោះបីទាំងពីរគ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបានថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករស ៥គីឡូក្រាម ក្រមា ២ និងសារុង ២ ស្មើៗគ្នា។

នៅចំពោះមុខគ្រួសារកូនភ្លោះទាំងពីរគ្រួសារនោះ លោក គុជ លីណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេល ២២ ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ចំនួន ៣៧៤ និង ៣៧៥ គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេនៅពេលឆ្លងទន្លេរួច។

លោកបានបន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានី-ខេត្ត កាលពីមុនឆ្នាំ១៩៩៩។

លោកបន្តទៀតថា ជំនួយឧបត្ថម្ភទាំងអស់នេះមិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់ពិតប្រាកដ។

លោកបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាលនៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។ តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕