(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមខ្នងផ្ទះ តាមបន្ទប់ជួល ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ចំនួន១៥៣គ្រួសារ និងសង្កាត់បឹងត្របែក ចំនួន៧០គ្រួសារ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

ក្នុងឱកាសនេះ លោក ថេង សុថុល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរជូនបងប្អូន ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។

លោកអភិបាលខណ្ឌ បានលើកឡើងបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែល កើតចេញពីព្រឹត្តិការណ៍២០កុម្ភៈ។ ដូច្នេះក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ។

ស្ថិតតាមខ្នងផ្ទះនីមួយៗលោក ថេង សុថុល បានតែងតែក្រើនរំលឹកដល់ពលរដ្ឋថា ដោយសារក្នុងពេលនេះជារដូវក្ដៅ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់កុំមានការធ្វែសប្រហេសឱ្យសោះ។

ដោយឡែក ក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាតចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក នៅថ្ងៃដដែលនេះ លោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌតំណាងលោក ថេង សុថុល បានឲ្យថា រដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌចំការមន កំពុងរៀបចំទីតាំងដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ជាពិសេស ក្រុមអាជីវករដែលលក់ដូរក្នុងផ្សារបឹងត្របែកផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម -មី ០១កេស -ទឹកត្រី ០១យួរ -ទឹកស៊ីអ៉ីវ ០១យួរ និងត្រីខ ០១យួរ៕