(ភ្នំពេញ)៖ ការប្រកួតប្រជែងលើសង្វៀននយោបាយ ទាមទារឱ្យមានបេះដូងស្រឡាញ់ជាតិ និងប្រជាជន ផុសចេញពីមនសិការពិត និងទឹកចិត្តជាអ្នកកីឡា ក្លាហានទទួលយកសច្ចភាព ទើបមានការគាំទ្រ ឈានទៅទទួលបានជ័យជម្នះដឹកនាំប្រទេស។

ក្រុមប្រឆាំងបែបអន្ធពាលមួយក្តាប់តូច ដែលមានឧបឃាតក សម-រង្ស៊ី ជាមេខ្លោង និយមតែបរទេស និងតែងតែប៉ុនប៉ងបង្កមហន្តរាយដល់ជាតិ និងយកអាយុជីវិតប្រជាជនប្រថុយជាដើមទុនជាដរាប ជាប់តមកពីសន្តាន ហើយប្រឌិតរឿងវាយប្រហារថ្នាក់ដឹកនាំ ដោយឃោសនាអកុសល ត្រឡប់ត្រឡិន គ្មានមូលដ្ឋានទាល់តែសោះ។ ហេតុនេះហើយ ទើបក្តីសង្ឃឹមជោគជ័យឈ្នះឆ្នោត នៅផុតពីជើងមេឃ បានត្រឹមតែយល់សប្តិ និងឧបមា ស្គាល់តែភាពបរាជ័យដដែលៗ រហូតត្រូវស្ថាប័នយុត្តិធម៌រំលាយចោល ឱ្យរលាយខ្សុលជាស្ថាពរតែម្តង។

ក្នុងខណៈដែលប្រទេសជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ កំពុងតស៊ូប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំនឹងមេរោគរាតត្បាតសកលកូវីដ-១៩ ដោយរាជរដ្ឋាភិបាលបានរៀបចំផែនការ និងយុទ្ធសាស្ត្រ ធ្វើលទ្ធកម្មវ៉ាក់សាំង និងចាត់ចែងចាក់វ៉ាក់សាំងជូនប្រជាជនដោយឥតគិតថ្លៃ តាមលំដាប់អាទិភាព ជាមួយនឹងកិច្ចគាំទ្រពីកល្យាណមិត្តចិន និងពីអង្គការសុខភាពពិភពលោក បេសកកម្មដ៍សំខាន់និងស្វិតស្វាញនេះ តែងត្រូវបានរំខានដោយក្រុមឧបឃាតក។

ពីមុន នៅពេលដែលពុំមានមេរោគកូវីដ-១៩ ឆ្លងចូលដល់សហគមន៍ ក្រុមជនទុរយសបានប្រកាសបំផ្លើសថា ឆ្លងមេរោគនេះពេញប្រទេស ស្លាប់ប្រជាជនច្រើនអនេក ហើយស្រែកចោទថារាជរដ្ឋាភិបាលលាក់បាំងព័ត៌មាន។

ក្រោយមក នៅពេលមានការឆ្លងរាតត្បាតមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ បែរជាបុគ្គលកំណាចនេះចោទថា រាជរដ្ឋាភិបាលប្រឌិតអំពីការឆ្លងរាតត្បាតនេះ ព្រោះប្រជាជនខ្មែរមិនឆ្លងជំងឺកូវីដ-១៩ទេ ដោយសារខ្មែរមានគ្រាប់ឈាមក្រហមពិសេស ទៅវិញ។
នៅពេលដែលសប្បុរសជន ចូលរួមវិភាគទានទិញវ៉ាក់សាំងទុកចាក់ជូនប្រជាជន ក្រុមជនអគតិនេះបែរជាចោទថា រាជរដ្ឋាភិបាលប្រឌិតរឿងឆ្លងមេរោគកូវីដ១៩ ដើម្បីប្រមូលលុយពីប្រជាជន ទៅវិញ។

នៅពេលវ៉ាក់សាំងចិនបានមកដល់កម្ពុជា បុគ្គលមេឧបឃាតបានវាយប្រហារ លើវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដោយធ្វើការប្រៀបធៀបបែបភ្លីភ្លើ គ្មានជំនាញវិជ្ជាជីវៈ បន្តុះបង្អាប់មើលងាយប្រសិទិ្ធភាពនៃវ៉ាក់សាំងចិន និងចោទរាជរដ្ឋាភិបាលថា យកប្រជាជនទៅពិសោធវ៉ាក់សាំង ហើយបំផុសបំផុល បំភិតបំភ័យប្រជាជន ឱ្យខ្លាចរអារមិនទទួលយកការចាក់វ៉ាក់សាំង ក្នុងចេតនាដ៏ខ្មៅកខ្វក់ចង់ទុកឱ្យប្រជាជនឆ្លងមេរោគ និងរងទុក្ខវេទនា។

នៅពេលដឹងថាវ៉ាក់សាំងមកដល់ជាលំដាប់លំដោយទៅតាមដំណាក់កាល ដោយប្រមុខរាជរដ្ឋាភិបាលបានរៀបចំផែនការ និងយុទ្ធសាស្ត្រ ធ្វើលទ្ធកម្មវ៉ាក់សាំង និងចាត់ចែងចាក់វ៉ាក់សាំងជូនប្រជាជន ដោយឥតគិតថ្លៃទៅតាមលំដាប់អាទិភាព ដែលអាចចាក់ឱ្យក្រុមជនជួរមុខដែលប្រឈមហានិយភ័យខ្ពស់ជាមុន បុគ្គលទុរយសបែរជាប្តូរទិស បំផុសឱ្យប្រជាជនសម្រុកដណ្តើមគ្នាចាក់វ៉ាក់សាំង ដើម្បីបង្កជាវិបត្តិខ្វះវ៉ាក់សាំង និងនាំទៅរកភាពឥតសណ្តាប់ធ្នាប់ ភិតភ័យ និងចលាចលនៅក្នុងសង្គមជាតិ។

នៅពេលដែលរាជរដ្ឋាភិបាលសម្រេចអនុវត្តវិធានការបិទខ្ទប់ ជាអាទិ៍រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងគោលបំណងកាត់ផ្តាច់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេស ដើម្បីឈានទៅបញ្ចប់ការឆ្លងក្នុងសហគមន៍ឱ្យបានឆាប់រហ័សនោះ បុគ្គលមេឧបឃាតនេះ បែរជាប្រឹងបំផុសបំផុលឱ្យប្រជាជនចេញក្រៅផ្ទះ មិនគោរពវិធានការរដ្ឋបាល ក្នុងគោលបំណងទុកឱ្យជំងឺកូវីដ១៩ ឆ្លងរាលដាលធ្ងន់ធ្ងរ បង្កវិនាសកម្មដល់ប្រទេសកម្ពុជា។

សរុបមក បុគ្គលជួជាតិ សម-រង្ស៊ី និងក្រុមរណបខ្លួនមួយក្តាប់តូច មិនដែលចូលរួមជាវិជ្ជមានជាមួយប្រជាជនកម្ពុជានោះទេ។ ពួកជនល្ងង់ខ្លៅមោហ៍បាំងនេះ មិនចេះខ្មាសអៀន និងគ្មានសម្បជញ្ញៈស្រឡាញ់ជាតិ និងប្រជាជនទេ គិតតែប៉ុនប៉ងចង់សម្រេចមហិច្ឆតាអាត្មានិយមដ៏ឃោរឃៅរបស់ខ្លួនប៉ុណ្ណោះ ប្រៀបដូចជាពាក្យថា «មនុស្សកំណាចដ៏ល្ងង់ខ្លៅហ៊ានដុតផ្ទះចោល ដើម្បីចម្អិនស៊ុតមួយគ្រាប់ឆីខ្លួនឯង»

ការពិតពីមាតុភូមិ, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១