(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បន្ដវិធានការបន្ដឹងនៅតាមបន្ទាត់ព្រំដែនជាមួយខេត្តចម្ប៉ាសាក់ របស់ប្រទេសឡាវ បិទមិនឲ្យមានការឆ្លងដែន ចេញចូលនោះទេ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នខេត្តចម្ប៉ាសាក់ កំពុងផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩។ ដោយឡែក ខេត្តស្ទឹងត្រែងរបស់កម្ពុជា មិនទាន់រកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩នៅឡើយទេ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអះអាងថា វិធានការរឹតបន្ដឹងនៅតាមបន្ទាត់ព្រំដែននេះ មិនមែនទើបធ្វើឡើងនោះទេ ពោលអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល តាំងពីដើមមកម្ល៉េះ ដើម្បីរឹតបន្ដឹងការចេញចូលឆ្លងដែន ក្នុងគោលដៅទប់ស្កាត់ជំងឺកូវីដ១៩។

លោក ម៉ុម សារឿន បានថ្លែងយ៉ាងដូច្នេះថា «យើងបានដាក់ចេញវិធានការរដ្ឋបាល តាមព្រំដែនមិនឲ្យឆ្លងចេញចូលនោះទេ ហើយវិធានការនេះ យើងបានដាក់ចេញយូរណាស់មកហើយ។ បច្ចុប្បន្ននេះយើងកំពុងបន្ដរឹតបន្ដឹងបន្ថែមទៀត ហើយយើងក៏បានជូនដំណឹងទៅកាន់ខេត្ដចម្ប៉ាសាក់រួចផងដែរ ដើម្បីសហការគ្នាទប់ស្កាត់បញ្ហានេះ»

អភិបាលខេត្តស្ទឹងត្រែង បានអះអាងថា រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានជូនដំណឹងទៅកាន់អាជ្ញាធរខេត្តចម្ប៉ាសាក់រួចរាល់ហើយផងដែរ ហើយខេត្តចម្ប៉ាសាក់ ក៏បានព្រមព្រៀងនឹងឯកភាពគ្នាជាមួយខេត្តស្ទឹងត្រែង រួមគ្នាបិទមិនឲ្យមានការឆ្លងដែនចេញចូលនោះទេ ពិសេសរឹតបន្ដឹងការលួចឆ្លងដែនដោយខុសច្បាប់ ដែលអាចកើតមានឡើង។

សូមជម្រាបថា នៅថ្ងៃច័ន្ទនៃ ក្រសួងសុខាភិបាលឡាវ បានប្រកាសថា ឡាវមានអ្នកឆ្លងជំងឺកូវីដ ចំនួន១១៣នាក់បន្ថែមទៀត ក្នុងចំណោមករណីឆ្លងថ្មីៗនោះ មាន៥៤នាក់ត្រូវបានរាយការណ៍ចេញពីខេត្តចម្ប៉ាសាក់ (ភាគខាងត្បូងប្រទេស) ដែលជាប់ព្រំដែនប្រទេសកម្ពុជា៕