(រតនគិរី)៖ ជនដៃដល់ជាមន្រ្តីយោធា ដែលបានបាញ់សម្លាប់កម្មករយាមចំការកៅស៊ូ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាម្ចាស់ចំការកៅស៊ូ រីឯជនរងគ្រោះជាអ្នកយាមចំការកៅស៊ូឲ្យខ្លួន។

សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុដែលឈានទៅដល់ការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់កម្មករយាមចំការកៅស៊ូនោះ មកពីជនរងគ្រោះកាន់ដែកបំពង់ទីបវាយលើរថយន្តរបស់ខ្លួនបណ្តាលឲ្យបែកកញ្ចក់ និងរបួសដៃខាងឆ្វេង ហើយបន្ទាប់ពីបាញ់រួច ជនដៃដល់ក៏បានបើករថយន្តមកសារភាព នៅអធិការដ្ឋាននគរបាលអូរយ៉ាដាវតែម្តង។

គួរបញ្ចាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានជម្លោះរវាងមន្ត្រីយោធា និងកម្មករចំការកៅស៊ូម្នាក់ បណ្តាលឲ្យឈានដល់ការផ្ទុះអាវុធខ្លីចំនួន៥គ្រាប់ មួយគ្រាប់ត្រូវភ្លៅក្បែរជង្គង់ខាងស្ដាំ មួយគ្រាប់នៅកំភួនជើងឆ្វេង ២គ្រាប់ចំទ្រូងខាងឆ្វេង ១គ្រាប់ចំដើមដៃឆ្វេង បណ្តាលឲ្យស្លាប់នៅពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ នៅចំការកៅស៊ូ ស្ថិតនៅភូមិគងយុ ឃុំប៉ាតតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនដៃដល់ខាងលើមានឈ្មោះ លី ថេងជាង អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធានៅអង្គភាពទីចាត់ការកលយុគអគ្គបញ្ជាការកងទ័ព រីឯជនរងគ្រោះមានឈ្មោះ ថា រឹមចន្ថា អាយុ៣៧ឆ្នាំ មុខរបរកម្មករចំការកៅស៊ូ មានទីលំនៅទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ច បានដកហូតអាវុធខ្លីម៉ាកCF98 មួយដើម សំបកកាទូស៥ គ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ បង់ចំនួន១ និងរថយន្តម៉ាសស្តាព័ណ៌សមួយគ្រឿង ស្លាកលេខភ្នំពេញ 2Z-9098។

ទាក់ទិននឹងករណីឃាតកម្មប្រដាប់ដោយអាវុធខ្លីខាងលើនេះ លោក រ៉ា បូរ៉ាន់ឌី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា លោក ហាន់ សម្បត្តិ ព្រះរាជអាជ្ញាររង កំពុងសាកសួរ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់៕