(បន្ទាយមានជ័យ)៖ រដ្ឋបាលស្រុកប៉ោយបែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានច្រានចោលចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមដោយបភ្លៃព័ត៌មានថា បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ ដូហាន សូសាន់តូ ដែលកើតជំងឺកូវីដ១៩ បានស្លាប់ ខណៈស្ថានភាពជំងឺមានសុខភាពល្អប្រសើរធម្មតា និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១។

ចំពោះករណីនេះ អ្នកបង្ហោះព័ត៌មានបំភ្លៃការពិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកមកធ្វើកិច្ចសន្យា ដើម្បីឱ្យបញ្ឈប់សកម្មភាពបង្កចលាចលដល់សង្គមបន្តទៀត។

បើតាមសេចក្តីជូនដំណឹងរបស់បាលក្រុងប៉ោយប៉ែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា «រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំលឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទូទាំងក្រុងប៉ោយប៉ែត ឱ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ (បារាំង កុលបុត្រខ្មែរ) បានធ្វើការផ្សព្វផ្សាយព័ត៌មានថា «បិតា ២៣ មេសា ឆ្នាំ២០២១ ក្រុងប៉ោយប៉ែត អស់សួតហើយគាត់ បានមរណភាព បញ្ជាក់គាត់អ្នកកើតមុនគេទាំងអស់ក្រុងប៉ោយប៉ែត ដោយមានភ្ជាប់ជាមួយរូបភាពបុរសជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ និងរូបថតសួតដែលមានការខូចខាតដោយជំងឺកូវីដ១៩ ផងដែរ»

ចំពោះករណីនេះ រដ្ឋបាលក្រុងបានឱ្យដឹងទៀតថា៖ «រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងផ្សព្វផ្សាយគ្មានមូលដ្ឋានអំណះអំណាងបញ្ជាក់ពីអង្គភាពជំនាញច្បាស់លាស់ ក្នុងន័យបង្កឱ្យមានភាពចលាចល ក្នុងសង្គមតែប៉ុណ្ណោះ»

តាមសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា «ដោយយោងតាមការរាយការណ៍របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែត បានឱ្យដឹងថា ស្ថានភាពជំងឺរបស់បុរសជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ នៅពេលនេះ មានសុខភាពល្អប្រសើរធម្មតា និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ នៅឡើយ»