(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨០នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៧៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង់៥៨០នាក់ ក្នុងនោះមានម្នាក់ពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ និងចំនួន ៥៧៩នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៣៣៧នាក់, ខេត្តកែប ម្នាក់, ខេត្តកំពង់ឆ្នាំង ម្នាក់, ខេត្តកំពង់ស្ពឺ ម្នាក់, ខេត្តកំពង់ធំ ២នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ម្នាក់, ខេត្តត្បូងឃ្មុំ ម្នាក់, ខេត្តបន្ទាយមានជ័យ ៩១នាក់, ខេត្តព្រះសីហនុ ៩១នាក់ និងខេត្តកណ្តាល ៥១នាក់។

សម្រាប់អ្នកជាសះស្បើយទាំង ១៧៧នាក់វិញ ក្នុងនោះមានម្នាក់ជាពលករខ្មែរមកពីថៃ និងចំនួន ១៧៦នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១០,៥៥៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,០០៥នាក់, អ្នកជាសះស្បើយចំនួន ៣,៥៧៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៨៩២នាក់, អ្នកស្លាប់ចំនួន ៧៩នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕