(ភ្នំពេញ)៖ ក្រសួងសុខាភីបាល បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺកូវីដ១៩ ម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២៣ ខែមេសា មិនមែនជាការស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ គឺដោយសារស្ថានភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់ចរាចរណ៍។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ក្រសួងបន្តថា ដោយស្ថានភាពអ្នកជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសារក៏បានសម្រេចចិត្តសុំចេញពីមន្ទីរពេទ្យ និងយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរមិនបានស្រាកស្រាន្ដទោះជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០៖២៣នាទី។

ដោយសារសង្ស័យពីការឆ្លងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យបានយកសំណាកលើសាកសព ជាលទ្ធផលបញ្ជាក់ថា សពមានវិជ្ជមានកូវីដ-១៩។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ។

ក្រសួងសុខាភិបាល បានចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕