(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រជាពលរដ្ឋខ្មែរដែលស្លាប់ដោយជំងឺកូវីដ១៩ ចំនួន៥នាក់ថ្មីទៀតនេះ រួមមាន៖

ទី១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៥៨ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបាន ចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖០៣នាទី ជាមួយស្ថានភាពក្អក ឈឺបំពង់ក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានយកសំណាក ដើម្បីធ្វើការវិភាគ ជាលទ្ធផល សំណាកបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យខិតខំជួយ សង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេសរួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបានគាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣៖៤៥នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៥៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូរីដ-១៩ លើកអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

ទី២៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៤១ឆ្នាំ រស់នៅស្រុកដំណាក់ចង្អើរ ខេត្តកែប បាន ចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦៖០០នាទី ដោយសារមានទាចទឹកប្រចាំកាយ និងមានក្ដៅ ខ្លួន ក្អក ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨៖១០នាទី។ ជាករណីសង្ស័យ គ្រូពេទ្យបានយកសំណាកសពធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ ថា សពមានវិជ្ជមានកូវីជ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៤១ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ លើអ្នកមានជំងឺទាចទឹកប្រចាំកាយ។

ទី៣៖ មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥១ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨៖៣០នាទី ជាមួយអាការៈក្ដៅខ្លួន ក្អក ហត់ខ្លាំង រួម ទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយសារស្ថានភាពជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបានគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖៤៣នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៥១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសជំងឺកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ទី៤៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣២ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖០០នាទី ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាព ក្ដៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង រួមជាមួយប្រវត្តិលាងឈាមប្រចាំការ។ ដោយការវិវត្តរបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖៤៩ នាទីថ្ងៃត្រង់។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺលាងឈាមប្រចាំកាយ។

៥៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរ អាយុ៨១ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចូល សម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទីព្រឹក ជាមួយលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសល នៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១៖១៥នាទីរំលងអាធ្រាតុ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៨១ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូរីដ-១៩។

រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ សរុប១០,៥៥៥នាក់ ក្នុងនោះស្លាប់ ៧៩នាក់ និងមានអ្នកជាសះស្បើយ ៣,៥៧៧នាក់៕