(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានណែនាំក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលកំពុងធ្វើការជួសជុល និងពង្រីកផ្លូវនៅទីរួមស្រុកគូលែន ត្រូវពន្លឿនការជួសជុល និងស្ថាបនាផ្លូវនេះឲ្យរួចមុនរដូវវស្សាចូលមកដល់ ហើយប្រកបដោយគុណភាពស្របតាមបទដ្ឋានបច្ចេកទេសផងដែរ។

ការថ្លែងណែនាំបែបនេះរស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកដឹកនាំថ្នាក់ដឹកនាំខេត្ត អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីជាច្រើនរូបទៀត ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ប្រគល់ជូនដល់ក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលកំពុងមមាញឹកក្នុងកាថែទាំកំណាត់ផ្លូវជាតិលេខ៦៤ ត្រង់ចំនុចទីរួមស្រុកគូលែន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ ក៏បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលកន្លងមកក៏ដូចជា ពេលបច្ចុប្បន្ននេះ បានយកអស់កម្លាំងកាយចិត្ត ធ្វើការជួសជុល និងថែទាំ ផ្លូវនានាក្នុងខេត្តព្រះវិហារ ដែលគ្រប់គ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានយ៉ាងល្អប្រសើរ ប្រកបដោយសោភ័ណ្ឌភាព និងគុណភាព សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល។

ជាមួយគ្នានេះដែរលោក ប្រាក់ សុវណ្ណ បានថ្លែងណែនាំក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់របស់មន្ទីរ ដែលកំពុងបំពេញភារកិច្ចជួសជុលផ្លូវនៅកំណាត់ផ្លូវជាតិលេខ៦៤នេះ ធ្វើយ៉ាងណាត្រូវពន្លឿនការជួសជុលស្ថាបនាផ្លូវនេះ ឲ្យបានលឿនមុនរដូវភ្លៀងធ្លាក់ចូលមកដល់ ពិសេសធ្វើយ៉ាងណាឲ្យសំណង់មានគុណភាពជាប់បានយូរអង្វែង។

លោកក៏បានដាស់តឿនដល់ក្រុមកាងារជួសជុល និងថែទាំផ្លូវថ្នល់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចករណីជំងឺកូវីដ១៩នេះ ពិសេសត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើងកុំឲ្យឆ្លងជំងឺកូវីដ១៩។

ដោយឡែកលោក សំ លាងទ្រី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ប្រាក់ សុវណ្ណ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចុះមកសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិកា មកផ្តល់ជូនដល់ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនៅពេលនេះ។

លោកថា វត្តមានរបស់លោកអភិបាលខេត្តព្រះវិហារនៅពេលនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះមន្ត្រីក្រោមឱវាទ ដែលធ្វើឲ្យមន្ត្រីទាំងអស់ កាន់តែមានទឹកចិត្តក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទះ និងការទទួលខុសត្រូវខ្ពស់ ក្នុងទិសដៅធ្វើឲ្យខេត្តព្រះវិហារមានការអភិវឌ្ឍន៍ជឿនលឿនតទៅមុខទៀត៕