(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហ ឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ តាមរយៈសាលារាជធានីភ្នំពេញ។

ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាត់ចែងយកទៅប្រគល់ជូន បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម ដែលរងគ្រោះដោយសារជំងឺកូវីដ១៩។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី រួមមាន៖ អង្ករ ចំនួន១០៥តោន, មី ចំនួន៤,៣០០កេសតូច, ត្រីខ ចំនួន៤,៣០០យួរ, ទឹកសុទ្ធ ចំនួន៦៥០កេស និងម៉ាស់ ចំនួន១២,០០០បន្ទះ។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្វាយសារអរព្រះគុណយ៉ាងជ្រាលជ្រៅជាបំផុត ចំពោះព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ដែលជាកន្លែងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ និងមិនអាចចេញទៅប្រកបរបរទទួលទានបាននាពេលនេះ។

លោកបន្តថា ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើ ពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាត នៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅរាជធានីភ្នំពេញ និងបានបង្ហាញឲ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ ដែលជានិច្ចជាកាលព្រះអង្គតែងតែបរិច្ចាគនូវទ្រព្យធន និងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋ ទីទ័លក្រនៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដំ សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែង តរៀងទៅ។

លោក ឃួង ស្រេង ក៏បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយនាពេលនេះ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ ដ៏សែនសុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែងតរៀងទៅ៕