(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានាបានបន្តទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩(ស៊ីណូវ៉ាក់) ដូសទី២ ជាបន្តទៀតតាមផែនការដែលបានគ្រោងទុក នៅតាមមណ្ឌលចាក់វ៉ាក់សាំងចំនួន ៣ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

មណ្ឌលចាក់វ៉ាក់សាំងទាំងនោះ រួមមាន សួនឧស្សាហកម្មកាណាឌីយ៉ា សួនឧស្សាហកម្មវឌ្ឍនៈ១ និងតំបន់រោងចក្រអាយ អេស អាយ( ISI ) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សំដៅធានាឱ្យបាននូវសុខភាពសារធារណៈ សុខុមាលភាព សុវត្ថិភាព និងការពារអាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករនិយោជិតទាំងអស់គ្នា។

ដំណើរការនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នេះ បានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ ធានារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព ជាពិសេសការរក្សានូវគម្លាតសង្គម និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។

ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងបង្ការនូវការរីករាលដាលនសជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលត្រូវចាក់វ៉ាក់សាំង (ស៊ីណូវ៉ាក់) ដូសទី២ ខុសពីទីតាំងដើម សូមចូលរួមសហការ ស្នើសុំលេខរៀងចាក់វ៉ាក់សាំងតាមកម្មវិធី https://vaccination.mlvt.gov.kh ជាមុន ។ ក្នុងករណីមានចម្ងល់បន្ថែម សូមទំនាក់ទំនងតាមក្រុមតេលេក្រាម https://t.me/workervaccination

ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូន សម្ដេចនាយករដ្ឋមន្ត្រី ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងចាត់ចូលជាក្រុមអាទិភាព ជាពិសេសបងប្អូនកម្មករនិយោជិតដែលជាគោលដៅងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជម្ងឺកូវីដ១៩។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល សមាគមរោងចក្រកាន់ដេរ( GMAC) ម្ចាស់តំបន់សេដ្ឋកិច្ច សួនឧស្សាហកម្មក្រុមគ្រូពេទ្យការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានដឹកនាំ ប្រតិបត្តិការ និងចូលរួមក្នុងយុទ្ធនាការនេះប្រកបដោយសា្មរតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ ៕