(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ លោក រ័ត្ន សណ្ដាប់ បានថ្លែងអំពីបញ្ហាជាក់ស្តែងដែលប្រជាជាតិនានាលើផែនដីមិនថាប្រទេសធំ ឬតូច ក៏ដូចប្រទេសកម្ពុជាដែរ ដែលកំពុងតែទទួលរងនូវជំងឺរាតត្បាតនៃមេរោគកូវីដ១៩ ដែលបាននិងកំពុងបោកបក់ដូចព្យុះសង្ឃរាឆក់យកអាយុជីវិតប្រជាជននៅពេលនេះ។

លោកបានលើកឡើងថា នៅក្នុងកាលៈទេសៈ ដែលអាយុជីវិតរបស់ប្រជាជនកម្ពុជាទំាងប្រុសស្រី ក្មេងចាស់គ្រប់វ័យកំពុងស្ថិតនៅលើមាត់ជ្រោះមរណៈ បណ្ដាលមកពីមេរោគកូវីដ-១៩ ហើយយើងឃើញលោក ហ៊ុន ម៉ាណែត និងភរិយា បានក្រោកឈរតតំាងមិនរាថយនំាមុខគេឈរជើង ក្នុងការដឹកនំាក្រុមគ្រូពេទ្យជួរមុខរាប់ពាន់នាក់ ដើម្បីប្រយុទ្ធប្រឆំាងទប់ស្កាត់នឹងសត្រូវគ្មានរូបរាងកូវីដ-១៩ ដែលជាមេរោគចង្រៃដ៏កាចសាហាវ ដែលបានសម្លាប់ប្រជាជនខ្មែរគ្មានរើសមុខនាពេលនេះ។

លោក ហ៊ុន ម៉ាណែត និងភរិយា ពិតជាកុលបុត្រកុលធីតាខ្មែរដ៏ឆ្នើមដែលប្រជាជាតិខ្មែរចងចំាមិនអាចបំភ្លេចបានជាប្រវត្ដិសាស្រ្ដ។ ព្រោះថាមេរោគចង្រៃដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សមិនរើសមុខនាពេលនេះ គឺមិនខុសពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុលពត តែក្នុងរយៈពេលជាង ៣ឆ្នំាប៉ុណ្ណោះ បានសម្លាប់ប្រជាជនខ្មែរដោយគ្មានរើសមុខអស់រាប់លាននាក់ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន ឈានមុខគេក្នុងការរំដោះប្រទេសជាតិ និងអាយុជីវិតប្រជាពលរដ្ឋខ្មែរទូទាំងព្រះនគរ ឲ្យរស់រានមានជីវិតទ្បើងវិញនោះទេ ។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការណ៍នេះ បើយើងនិយាយអំពីគុណតម្លៃនៃសាច់សារលោហិត ឬឈាមជ័រ ដែលកើតហើយដុះតភ្ជាប់គ្នានោះ គឺដូចពាក្យចាស់បុរាណលោកពោលថា «ទំពាំងស្នងឬស្សី កុលបុត្រប្រុសស្រីស្នងជាតិ»

ពាក្យថា «កុលបុត្រប្រុសស្រី» គឺសំដៅលើកុលបុត្រកុលធីតាខ្មែរដែលពោរពេញទៅដោយថាមពលប្រាជ្ញាឈ្លាសវៃ មានសមត្ថភាពខ្ពស់គួបផ្សំ និងលក្ខណៈសម្បត្តិពេញលេញ សាមញ្ញ រាក់ទាក់ មិនរើសអើង ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្រាញននៀលគ្រប់ឧបសគ្គដោយគ្មានពាក្យថា «នឿយហត់ និងគ្មានដានជើងខ្ជិលច្រអូសលើផ្លូវដែលត្រូវឆ្លងកាត់ ដើម្បីដើរឲ្យដល់គោលដៅនៃភាពជោគជ័យក្នុងបុព្វហេតុបម្រើប្រជាជាតិនៃយើង»។

លោក រ័ត្ន សណ្ដាប់ បន្ដទៀតថា ជាក់ស្ដែងចំពោះការដឹកនំារៀបចំកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ ដូចជានៅកោះពេជ្រ ឬឌឹព្រីមមៀ ឬតាមសណ្នាគារ ឬទីតាំងផ្សេងៗទៀតមានរាប់ពាន់គ្រែ លោក ហ៊ុន ម៉ាណែត និងភរិយា តែងបញ្ចេញអារម្មណ៍ក្តុកក្តួលដល់ជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងជំងឺដ៏កាចសាហាវនេះ។ ពិសេសអាណិតដល់ក្រុមគ្រូពេទ្យ ឬកងកម្លំាងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបំពេញកិច្ចការទំាង យប់ទំាងថ្ងៃក្នុងការប្រយុទ្ធតទល់ជាមួយនិងសត្រូវគ្មានរូបរាងនេះ។

ដោយក្នុងនោះលោក ម៉ាណែត និងភរិយាតែងតែពោលពាក្យ «បួងសួងសុំឲ្យកន្លែងព្យាបាលដែលខ្ញុំកំពុងរៀបចំនេះគ្មានមនុស្សមកសម្រាក និងជាកន្លែងព្យាបាល១ចុង ក្រោយ»

ស្ថិតក្នុងបុព្វហេតុនេះ លោក ហ៊ុន ម៉ាណែត និងភរិយា បានក្លាយជាមេទ័ពដឹកនាំកងទ័ពអាវសជួរមុខដែលប្រជាពលរដ្ឋទូទៅ គោរពឲ្យតម្លៃ និងលើកតម្កើងដោយការកោតសរសើរលើវីរៈភាពដ៏ថ្លៃថ្លា ដែលហ៊ានយកអាយុជីវិតមកតទល់ ប្រឈមនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគកូវីដចង្រៃនេះ ក្នុងការការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន និងផលប្រយោជន៍ជាតិមាតុភូមិជាធំ។

«អស់ទំាងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពជាទំពាំងស្នងឫស្សីដ៏រឹងមាំ ដែលគ្មានកម្លាំងខ្យល់ណាដែលអាចបក់បោកឲ្យដាច់ឫសហើយដួលរលំបានទ្បើយ»។ នេះជាការបញ្ជាក់ លោក រ័ត្ន សណ្ដាប់ ។

ជាចុងក្រោយ លោក រ័ត្ន សណ្ដាប់ ជឿជាក់ថា ចំពោះសកម្មភាព និងការធ្វើពលីកម្មរបស់មេទ័ពដឹកនាំកងទ័ពអាវសជួរមុខ ពិតជាជម្នះបានក្នុងការដណ្តើមយកជោគវាសនាសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យឆ្លងផុតពីមាត់ជ្រោះមរណៈដ៏ព្រឺព្រួចនេះបានជាក់ជាពុំខាន៕