(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចែកអំណោយ ដែលជាកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន២០០គ្រួសារ (តំណាង៥០នាក់មកទទួល) រស់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើដល់តំណាងប្រជាពលរដ្ឋដែលមកទទួលអំណោយឲ្យមានការប្រុងប្រយ័ត្ន ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ដែលកំពុងតែវាយលុកយ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជាយើង ដោយអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់ តាមវិធានការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋភិបាលដែលបានដាក់ចេញ ៣កុំ និង៣ការពារ។

មួយវិញទៀត សូមមានការចូលរួមអត់ធ្មត់ខ្ពស់បំផុត ចំពោះការបិទខ្ទប់តាមតំបន់មួយចំនួនជាពិសេស គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅតែម្តង បងប្អូនកូនក្មួយគួរយល់ដឹងថា ការបិទខ្ទប់នេះ គឺដើម្បីសុខុមាលភាព និងអាយុជីវិតរបស់យើងទាំងអស់គ្នា ព្រោះយើងស៊ូទ្រាំលំបាកក្នុងរយៈពេលខ្លី ជាជាងមានវិបដិសារីអស់មួយជីវិត។

អំណោយខាងលើទទួលបានការឧបត្ថម្ភពី អង្គការមូលនិធិ Diyanet នៃប្រទេសតួកគី តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) ដែលស្ថិតក្រោមឆ័ត្រ នៃអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សហការជាមួយសមាគមយុវជនមុស្លិមកម្ពុជា (CMYA)។ ក្នុងកញ្ចប់អំណោយនីមួយៗ មានផ្លែលម៉ើ ១គីឡូក្រាម, សណ្តែកបាយ២គីឡូក្រាម, ត្រីខ២កំប៉ុង, ប្រេងឆា៤លីត្រ, អង្គរ១០គីឡូក្រាម, ស្ករស២គីឡូក្រាម និងអំបិល២គីឡូក្រាម។

សូមជម្រាបថា នៅឆ្នាំ២០២១នេះ អង្គការមូលនិធិ Diyanet បានផ្តល់ជូននូវថវិកាសម្រាប់រៀបចំកញ្ចប់អាហារជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១,០០០កញ្ចប់ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមបណ្តារាជធានី-ខេត្តចំនួន៥ រួមមាន ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងកំពង់ធំ៕