(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នៅថ្ងៃទី២៣ មេសា ២០២១នេះ បានរៀបចំកម្មវិធីឧបត្ថម្ភគ្រឿងបរិភោគដល់កម្មករ ដែលកំពុងបម្រើការគ្រប់ការដ្ឋានទាំងអស់របស់ ជីប ម៉ុង លែន ដើម្បីជួយសម្រាលបន្ទុក និងជួយដោះស្រាយជីវភាពក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា ជីប ម៉ុង លែន បានរៀបចំកម្មវីធីចែកអំណោយនេះឡើង គឺមួយផ្នែកជួយសម្រាលបន្ទុករបស់កម្មករ ដែលកំពុងបម្រើការនៅគ្រប់ការដ្ឋានទាំងអស់របស់ ជីប ម៉ុង លែន និងផ្នែកមួយទៀតចូលរួមការពារសុវត្ថិភាពរបស់កម្មករ ពីព្រោះគ្រឿងបរិភោគទាំងនេះ នឹងជួយកាត់បន្ថយការចេញទៅស្វែងរកទិញម្ហូបអាហារនៅខាងក្រៅរបស់កម្មករ អំឡុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តការបិទខ្ទប់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីទប់ស្តាត់ការឆ្លងជំងឺកូវីដ-១៩។

លោកឧកញ៉ា លាង ហួង បានមានប្រសាសន៍បន្ថែមថា៖ «យើងនឹងរួមគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឲ្យព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានបិទបញ្ចប់ឲ្យបានឆាប់រហ័ស ដើម្បីឲ្យអ្វីៗអាចត្រលប់ទៅកាន់ភាពប្រក្រតីឡើងវិញ»

គួរបញ្ជាក់ថា ជីប ម៉ុង លែន ក៏កំពុងសហការជាមួយក្រសួងសុខាភិបាល រៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី២ នៅក្នុងគម្រោង លែនម៉ាក ២៧១ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌមានជ័យ និងទីតាំងនៅហ្គ្រេន ភ្នំពេញ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដូសទី២ សម្រាប់ចាក់ជូនយោធិន និងគ្រួសារដែលរស់នៅខណ្ឌសែនសុខ៕