(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦១៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៩០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៦១៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥៤៦នាក់, ខេត្តកំពង់ស្ពឺម្នាក់, ខេត្តកំពង់ឆ្នាំង២នាក់, ខេត្តកោះកុង ២នាក់, ខេត្តកំពង់ធំ២នាក់, ខេត្តមណ្ឌលគីរី២នាក់, ខេត្តស្វាយរៀង២នាក់, ខេត្តកណ្តាល ២៤នាក់, ខេត្តព្រៃវែង៨នាក់, ខេត្តតាកែវ៧នាក់ និងខេត្តព្រះសីហនុ២០។

សម្រាប់អ្នកជាសះស្បើយទាំង ១៩០នាក់វិញ ម្នាក់ជាពលករមកពីថៃ និង១៨៩សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩៩៧៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៩៤២៦នាក់, អ្នកជាសះស្បើយចំនួន ៣៤០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤៩៥នាក់, អ្នកស្លាប់ចំនួន ៧៤នាក់៕