(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានបន្តយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ ន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព រស់នៅក្នុងសង្កាត់បឹងកេងកងទី២ ចំនួន១៣០គ្រួសារ និងសង្កាត់សង្កាត់ទំនប់ទឹក ចំនួន៣០០គ្រួសារ សរុប៤៣០គ្រួសារ។

ការនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតនេះ ក៏មានការចូលរួមពីលោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌបឹងកេងកង, លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង, និងលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងលោកចៅសង្កាត់។

លោកអភិបាលខណ្ឌ បានលើកឡើងថា បើទោះបីជាក្នុងដំណាក់កាល ដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានចំណាត់ការ និងវិធានការណ៍យ៉ាងតឹងរឹង បិទខ្ទប់រាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

បន្ថែមពីនេះលោកក៏បានបង្ហាញអំពីប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អនុសាខាសមាគមន៍នារីគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី និងក្រុមការងារចុះជួយសង្កាត់ ខណ្ឌ តែងតែចុះជួបសំណេះសំណាល និងនាំយកនូវអំណោយមកឧបត្ថម្ភដល់គ្រួសារដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ-១៩នេះ ផងដែរ ។

ជាមួយគ្នានោះដែរ លោក ធឹម សំអាន ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចលេខ ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និង ថែរក្សាអនាម័យ ខ្លួនប្រាណឱ្យបានល្អត្រឹមត្រូវជាប្រចាំរៀងរាល់ថ្ងៃដោយលាងដៃជាមួយទឹកអាល់កុល ជែលលាងដៃ ឬសាប៊ូលាងដៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ត្រូវនាំគ្នាអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ជានិច្ចដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឱ្យដឹងថា អំណោយដែលផ្ដល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ត្រីខ ០១យួរ, មី ០១កេស និងបន្លែស្រស់ ១ថង់៕