(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ចេញសារមួយចំនួនពាក់ព័ន្ធនឹងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំពោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយលោកស្រីក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យត្រូវផ្លាស់ប្ដូរការរស់នៅតាមបែបគន្លងថ្មី ឬ New Normal ប្រសិនបើមិនចង់ជួបមហន្តរាយ ដោយសារជំងឺដ៏កាចសាហាវនេះតទៅទៀត។

សាររបស់លោកស្រី ឱ វណ្ណឌីន បានខ្លឹមសារដូចតទៅ៖

ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជាអាចត្រូវបានការពារ និងអាចជួយសង្គ្រោះអាយុជីវិត ពីការវាយប្រហារពីវីរុសកូវីដ-១៩។

ខ្ញុំសូមលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញរួចហើយនោះ។ សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយប្រជាពលរដ្ឋត្រូវតែការពារ ពីការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដោយចាប់ផ្តើមធ្វើសក្មភាពចេញពីបុគ្គលម្នាក់ៗ និងរួមសាមគ្គីគ្នាធ្វើសកម្មភាព ឆ្លើយតបពីឥលូវនេះ។

ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសមួយ រួមជាមួយជម្រើសដទៃទៀត របស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដែលអាចការពារប្រជាពលរដ្ឋបាន ហើយដែលតម្រូវឲ្យប្រជាពលរដ្ឋចាំបាច់ ត្រូវមានវិន័យឱ្យបានត្រឹមត្រូវ និងការយល់ដឹងចាំបាច់ នៅពេលទៅទទួលសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំង ដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងការអនុវត្តឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។

នៅផ្ទះ គឺជាជម្រើសដ៏ល្អមួយសម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់ គឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ ដែលមានពេលកំណត់ មិនមែនជាការចាក់សោជារៀងរហូត ដែលប្រជាពលរដ្ឋមិនអាចធ្វើអ្វីបាននោះឡើយ។ វាជាការចាំបាច់ណាស់ ដែលទាំងអស់គ្នាត្រូវរៀបចំទុកជាមុន មុននឹងពេលដើរចេញពីវិធានការបិទខ្ទប់ បើមិនដូច្នោះទេ ការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀតនឹងអាចកើតឡើង ហើយអាចមានគ្រោះថ្នាក់ខ្លាំងជាង នាពេលនេះទៅទៀត ព្រោះនៅពេលនេះ មនុស្សគ្រប់គ្នា ទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការ ទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហើយ ចុះទម្រាំមានការផ្ទុះចេញសាជាថ្មីទៀតនោះ នៅពេលដែលកម្លាំងជួរមុខរបស់កម្ពុជា មិនទាន់បានស្រាកស្រាន្តផងនោះ ឬអាចនិយាយបានថា «អស់ថ្ម» តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តើនឹងក្លាយទៅជាយ៉ាងណា?

ធនធានប្រហែលជាមិនគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់ការចម្លង ដែលជានិន្នាការចម្លងមួយដែលអាចកើតមានជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នាជួយគ្នា ដើម្បីការពារការផ្ទុះឡើងនូវការឆ្លងវីរុសកូវីដ-១៩ សាជាថ្មីឡើងវិញ បន្ទាប់ពីការដើរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ (ទោះជាការដើរចេញនូវវិធានការបិទខ្ទប់អាចកើតមានក្នុងពេលឆាប់ ឬយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដើម្បីជូនដល់លោកអ្នកមានការប្រុងប្រយ័ត្នលើចំណុចនេះទាំងអស់គ្នា។

បុគ្គលគ្រប់រូបអាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ បានប្រសិនបើមនុស្សគ្រប់គ្នា អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត ឬជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាហាងលក់អីវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និងរោងចក្រ-សហគ្រាសជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ ដែលណែនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ លាងដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១.៥ ម៉ែត្រឡើងជាដើម។

ប្រសិនបើយើងមិនចង់វិលត្រឡប់ ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗត្រូវរៀនសូត្រ សម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតា តែមានការប្រុងប្រយ័ត្នការពារ ដូចបានរៀបរាប់ខាងលើ។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការគ្នា ដើម្បីប្រយុទ្ធជាមួយសត្រូវអត់ស្រមោលកូវីដ-១៩នេះ៕