(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលធ្វើឡើងនៅរដ្ឋធានីហ្សាកាតា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកបទពិសោធជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ការដោះស្រាយវិបត្តិភូមា។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

មេដឹកនាំអាស៊ានបានសម្រេចការឯកភាពគ្នាជាឯកច្ឆន្ទ លើប្រាំចំណុចស្តីពីជំហានចាំបាច់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កលក្ខណៈសម្រាប់កិច្ចសន្ទនា និងបោះ ជំហានទៅមុខជាបន្តបន្ទាប់ទៅរកសំណោះស្រាយដោយសន្តិវិធី ដែលរួមមាន (១) ការបញ្ឈប់រាល់អំពើហឹង្សា (២) កិច្ចសន្ទនាប្រកបដោយស្ថាបនា រវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍ប្រជាជន (៣) ការចាត់ តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា (៤) ផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ និង (៥) ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

«សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចែករំលែកអំពីបទពិសោធជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សារជាតិឋិតថេរយូរអង្វែង និងបានស្នើឡើងនូវជំហានជាក់ស្តែងមួយចំនួន ពោលគឺ (១)ការបញ្ឈប់អំពើហឹង្សា និងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ព័ន្ធ (២) ការទទួលតួនាទីអាស៊ាន និងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង(៣) ការអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច»។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

សម្តេចតេជោក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកំរិតនយោបាយពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធ្វើសម្បទានដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណង ធំបំផុតទៅលើការបញ្ឈប់បង្ហូរឈាមគ្នា សន្តិភាព និងភាពសុខដុមចីរកាល។

សម្តេចតេជោនាយករដ្ឋមន្រី្ត បានមានប្រសាសន៍ផងដែរអំពីការចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីសម្រេចគោលដៅកសាងសហគមន៍អាស៊ាន បើទោះបីមានការរាំងស្ទះដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ សម្តេចតេជោនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីសារសំខាន់នៃភាពជាដៃគូរវាងអាស៊ាន និងដៃគូខាងក្រៅ ព្រមទាំងគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អាស៊ាន។

នយោបាយឈ្នះឈ្នះ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជា ដោយបានទទួលជោគជ័យទាំងស្រុងនៅចុងខែធ្នូ ឆ្នាំ១៩៩៨។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ខ្លឹមសាររួមនយោបាយឈ្នះ៣ចំណុច ទី១៖ ធានាអាយុជីវិត អ្នកផ្តាច់ខ្លួនចេញពីខ្មែរក្រហម, ទី២៖ ធានារក្សានូវអាជីព និងមុខរបរ និងទី៣ រក្សាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យ៕