(ភ្នំពេញ)៖ ក្រោយទទួលបានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស, រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញ-ចូល រវាងខេត្តព្រះសីហនុ ជាមួយនិងបណ្តាខេត្តផ្សេងទៀត។

រដ្ឋាបាលខេត្តព្រះសីហុន បញ្ជាក់ទៀតថា ទោះបីមានការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក្តី ប៉ុន្តែសម្រាប់ការចេញ-ចូលក្រុងព្រះសីហនុ គឺនៅបន្តអនុវត្តការបិទខ្ទប់ តាមខ្លឹមសារនៃសេចក្តីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហនុ លេខ ១១៦/២១ សសរ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» និងសេចក្តីសម្រេចលេខ១១៧/២១ ស្តីពីការកំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជា «តំបន់ក្រហម» ដដែលរហូតដល់មានការជូនដំណឹងជាថ្មី៕