(ភ្នំពេញ)៖ ក្រុមហ៊ុនផលិត ស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគភេសជ្ជៈ ប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលយាមកាមនៅតាមគោលដៅបិទខ្ទប់ ការធ្វើដំណើរចំនួន ៣០ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រុមហ៊ុនក៏នឹងបន្តឧបត្ថម្ភដល់គោលដៅបិទខ្ទប់ជាច្រើនទៀតជាបន្តបន្ទាប់ផងដែរ។

ការបរិច្ចាគនេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដែលធ្វើការបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់ស្ថាប័ននានា ដែល បំពេញកិច្ចការងារជួយដល់សង្គមជាតិ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខណៈពេល ប្រជាពលរដ្ឋជាច្រើនបានជួបជុំគ្រួសារនៅតាមផ្ទះរបស់ពួកគេ កងកម្លាំង ចម្រុះឯណេះវិញ ត្រូវ ឈរយាម ក្រោមកម្តៅថ្ងៃ និងដំណក់ទឹកភ្លៀងទាំងយប់ទាំងថ្ងៃ ដើម្បីសុវត្ថិភាពរបស់យើងគ្រប់ៗគ្នា ដូច្នេះក្រុមហ៊ុនចង់ផ្តល់ជាកម្លាំងចិត្ត និងសម្រាលការលំបាកខ្លះៗជូនដល់កងកម្លាំងរបស់យើង តាមរយៈការជូន ភេសជ្ជៈ និងទឹកបរិសុទ្ធទាំងនេះ»។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរគូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕