(ភ្នំពេញ)៖ ទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន បានឱ្យដឹងថា នាយការិយាល័យអាវុធជីវសាស្ត្រ វិទ្យុសកម្ម ទីចាត់ការការពារគីមីសាស្រ្ត លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា បានកើតជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លោក ប៊ូយ សុចិត្រា និងភរិយា មានទីលំនៅផ្ទះលេខ ២៥D ក្រុម៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ បច្ចុប្បន្ន កំពុងព្យាបាលជំងឺនៅ មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា ធ្លាប់បានចាក់វ៉ាក់សាំងចំនួន២លើក រួចមកហើយ ចំណែកប្រពន្ធមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទេ។

ទីចាត់ការការពារគីមីសាស្ត្រ បានអំពាវនាវដល់នាយទាហាន នាយទា និងពលទាហានដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តន៍តាមវិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ចាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕