(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញបញ្ជាឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បញ្ជូនកម្លាំងបញ្ជាការអង្គរក្សទៅជួយរៀបចំ និងតម្លើងគ្រែ សម្ភារពេទ្យផ្សេងទៀតនៅកន្លែងធ្វើចត្តឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិចឲ្យបានឆាប់បំផុត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឱ្យបន្តប្រើប្រាស់កម្លាំងក្នុងការរៀបចំដឹកជញ្ជូនអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតទៅកាន់ខេត្តព្រះសីហនុបន្ថែមទៀត។

ក្រោយទទួលបានបទបញ្ជាភ្លាមពីសម្តេចប្រមុខរាជរដ្ឋាភិបាល, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋានមួយផ្នែកទៀត បន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រី ។ល។ យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងតំបន់ក្រហម និងទីតាំងមួយចំនួនទៀត ដែលកំពុងតែត្រូវបានបិទខ្ទប់ និងកន្លែងធ្វើចត្តឡីស័កនៅទូទាំងរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស ក្រៅពីការងារស្នូល ក៏ជាកម្លាំងស្មគ្រចិត្តធ្វើជាសេនាធិការជួយដល់សកម្មភាពកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

បញ្ជាការដ្ឋានអង្គរក្ស ក៏ធ្វើជាសេនាធិការជួយដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការដឹកជញ្ជូនផ្សេងៗ និងជួយសង្គ្រោះប្រជាពលរដ្ឋមានដូចជាបូមទឹក ជីក និងស្តាប្រឡាយ និងសកម្មភាពជាច្រើនទៀតផងដែរ៕