(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងនៅតែបន្ដសម្រុករកអ្នកវិជ្ជមានកូវីដ-១៩ យកមកព្យាបាលឱ្យបានកាន់តែឡើង ដើម្បីកាត់ផ្ដាច់ការចម្លងឱ្យកាន់តែឆាប់។

ការថ្លែងបែបនេះរបស់ រដ្ឋមន្ដ្រីសុខាភិបាល ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងព្យាបាលជំងឺកូវីដ-១៩ ចំនួន៣ទីតាំង គឺនៅសែនសុខ១ ដាក់អ្នកជំងឺបានចំនួន ៩៧៥គ្រែ, សែនសុខ២ ចំនួន១៤០០គ្រែ និងនៅពហុកីឡដ្ឋានអូឡាំពិក ៨០០-១០០០គ្រែ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ទៀតថា «ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ នឹងបន្ដរួមគ្នាសម្រុករកអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ជាពិសេសក្នុងទីតាំងបិទខ្ទប់ ក្នុងតំបន់ក្រហម ឱ្យកាន់តែឆាប់រហ័ស ព្រោះថា បើពួកគាត់អត់ទៅណា នៅមួយកន្លែង នោះមិនជាបញ្ហាចោទទេ តែបើគាត់ដើរ គឺជាបញ្ហាដែលអាចនាំយកជំងឺនេះ ទៅចម្លងនៅតំ បន់ដទៃផ្សេងទៀត ដែលពិបាកក្នុងការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ដែលធ្វើឱ្យការបិទខ្ទប់ នៅតែបន្ដក្នុងរយៈពេលយូរថ្ងៃបន្ថែមទៀត»

រដ្ឋមន្ដ្រីថ្លែងបន្ដថា «គោលបំណងក្នុងការបិទខ្ទប់ តំបន់ក្រហម គឺមិនចង់ឱ្យមានការចម្លងជំងឺកូវីដ១៩នេះ ទៅកន្លែងឬតំបន់ផ្សេងទៀត កាលណាយើងត្រួតត្រាតំបន់បិទខ្ទប់បានល្អ មិនឆ្លងទៅតំបន់ផ្សេងទៀត ហើយមានការចូលរួមពីប្រជាពលរដ្ឋនោះ យើងនឹងអាចកាត់ផ្ដាច់ការចម្លងនេះក្នុងពេលមួយដ៏ខ្លី។ ក្នុងកាលៈទេសៈបិទខ្ទប់នេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្ដអនុវត្ដវិធានសុខាភិបាល គឺត្រូវតែពាក្យម៉ាស រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ ធ្វើយ៉ាងម៉េច កុំជួបជុំគ្នា ហូបចុក ផឹកស៊ី និងត្រូវនៅដាច់ដោយឡែកពីគ្នា»។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងទៀតថា ការចូលរួមពីប្រជាពលរដ្ឋ គឺមានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលយើងបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ» ជាពិសេសមិនត្រូវចាត់ទុកជំងឺកូវីដ១៩ ជាជំងឺធម្មតានោះទេ ព្រោះវាបណ្ដាលឱ្យស្លាប់ ដូចកន្លងទៅយើងឃើញហើយ ក្មេងមិនចោទខ្លាំង គឺមនុស្សចាស់ កាលណាក្មេងៗដើរទៅខាងក្រៅត្រលប់មកផ្ទះវិញ ចម្លងជំងឺនេះ ដល់អ្នកផ្ទះ ដែលមានម្ដាយ យាយ តា ដែលជាមនុស្សចាស់ ដែលធ្វើឱ្យឈឺធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់បាត់បង់ជីវិត ព្រោះភាគច្រើនមនុស្សចាស់ តែងតែមានជំងឺរុំារ៉ៃប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម លើសឈាមជាដើម ដែលត្រូវតែប្រុងប្រយ័ត្នខ្ពស់។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជក់បន្ថែមថា «យើងនឹងបន្ដខិតខំរកឱ្យអស់នូវអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាពិសេសក្នុងតំបន់ក្រហមនេះ ឱ្យទៅជាតំបន់មួយពីឆ្លងច្រើន ឱ្យថយចុះវិញ និងមិនឱ្យសេសសល់អ្នកជំងឺកូវីដសូម្បីតែម្នាក់។ លើសពីនោះ សម្រាប់មន្ដ្រីបុគ្គលិក សុខាភិបាលយើង រួមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ដ្រីគ្រប់ផ្នែកទាំងអស់ នឹងបន្ដខិតខំប្រឹងប្រែងដោយភាពទទួលខុសត្រូវខ្ពស់ ជាពិសេសរួមកម្លាំងគ្នា ទាំងយប់ថ្ងៃឱ្យអស់លទ្ធភាព ដើម្បីប្រជាជនយើង ពិសេសអនុវត្ដតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា»

សូមបញ្ជាក់ថា មកទល់នឹងពេលនេះ កន្លែងសម្រាកព្យាបាលនៅរាជធានីភ្នំពេញមានការកើនឡើងជាបន្ដបន្ទាប់ រហូតដល់មានជាង១០ទីតាំង៖ ពេទ្យមិត្ដភាពខ្មែរសូវៀត, មន្ទីរពេទ្យហ្លួងម៉ែ, ចក្រអង្រែ, មន្ទីរពេទ្យព្រះអង្គឌួង, នៅហ្រ្គេនឌុក, កោះពេជ្រ, សែនសុខ១, សែនសុខ២, មូឌែន២ ជាដើម៕