(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារសង្កាត់-ខណ្ឌចំការមន ចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ ៨១គ្រួសារ (រោងកម្មករនៅកោះពេជ្រ ដែលកំពុងធ្វើចត្តាឡីស័ក) និងសង្កាត់ផ្សារដើមថ្កូវ ៣២៣គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងពេលបិទខ្ទុបរាជធានីភ្នំពេញ។

លោក ថេង សុថុល បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេជូនប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេសក្នុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យក្រុមការងារ រួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិត។

លោកអភិបាលខណ្ឌបានបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ។ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេសការអនុវត្តវិធានការ ៣ការពារ ៣កុំ និងការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន។

លោក ថេង សុថុល បានលើកឡើងថា ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ពលរដ្ឋទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីកិច្ចខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងទាំងបីប្រភេទ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ។

បើតាមលោក សុន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយដែលចែកជូននេះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ០១បាវ ទម្ងន់ ២៥គីឡូក្រាម -មី០១កេស និងត្រីខ ០១យួរ ៕