(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសដោយអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកវីដ១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «សូមជម្រាបជូនដល់ម្ចាស់ សេវាព្យាបាលឯកជន និងសម្ភព ស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាបថា ដើម្បីជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ ក្រសួងអនុញ្ញាតឲ្យសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយត្រូវស្នើសុំការអនុញ្ញាតច្បាប់មកក្រសួង តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ»

ដើម្បីស្នើសុំការអនុញ្ញាតច្បាប់ តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ ដែលមានទូរស័ព្ទ និងតេឡេក្រាម លេខ ០១២ ៩១២ ១២២, ០១២ ៨៩១ ៥២៧ និង០១២ ៦៩១ ១១២ និងត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

១៖ មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប
២៖ មានផ្លូវ និងចំណតរថយន្តសមស្រប
៣៖ មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់
៤៖ មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់
៥៖ មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប
៦៖ មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ
៧៖ មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប
៨៖ មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប
៩៖ មានប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ អនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
១០៖ មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ
១១៖ ផ្តល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ទទួលបានសេចក្តីជូនព័ត៌មាននេះ សូមម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញ ទាំងអស់ជ្រាប និងរៀបចំចាត់ចែងស្នើសុំការអនុញ្ញាតច្បាប់ មកក្រសួងសុខាភិបាល តាមការគួរ៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!

App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia