(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅមុននេះបន្តិច។

ប្រកាស១ បានសម្រេចយ៉ាងដូច្នេះថា «បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ (ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន)។

សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន»

សូមជំរាបថា សេចក្ដីសម្រេចនេះមានន័យថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការចេញចូលខេត្ត-ខេត្ត ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គឺនៅអនុវត្តដដែល។ រហូតមានការសេចក្ដីសម្រេចថ្មីបន្ថែមទៀត៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!

App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia