(រតនគិរី)៖ មន្ត្រីយោធាម្នាក់បានបាញ់ច្រើនគ្រាប់ទៅលើបុរសម្នាក់ទៀត នៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្ដាលឱ្យរងរបួសធ្ងន់ ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបរកែវ ជនរងគ្រោះរូបនេះក៏បានស្លាប់បាត់បង់ជីវិតតែម្ដង។

លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះថា ហេតុការណ៍ផ្ទុះអាវុធនេះកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ម្សិលមិញ។ ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបរកែវ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ក្រោយពេលទៅដល់មន្ទីរពេទ្យនោះតែម្ដង។

លោកអធិការបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ រឹម ចន្ថា ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់ជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។ រីឯជនដៃដល់ឈ្មោះ លី ថេងជាង អាយុ៤៨ឆ្នាំ មុខរបរយោធា។

សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក្ស (CF98) ១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ស្លាកលេខ 2Z-9098។

ចំពោះមូលហេតុដែលឈានដល់ការបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចមិនបានបញ្ជាក់នោះឡើយ ដោយបង្ហើបថា មូលហេតុនៃការផ្ទុះអាវុធនេះ គឺមានការស៉ីជម្រៅ ខណៈជនសង្ស័យក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ តាមរយៈការពិនិត្យទឹកនោម។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រីឯជនដៃដល់ និងវត្ថុតាងទាំងអម្បាលម៉ាន ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕