(បន្ទាយមានជ័យ)៖ ពលករ ១០នាក់ និងមេខ្យល់ ១នាក់ ប្រុងលួចចូលទៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចបង្គោលគីឡូលេខ៣៤ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មេខ្យល់មាន ២នាក់រួមមាន៖ ឈ្មោះ ម៉ក់ ឈន់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ សួស គីម។

ពលករទាំងអស់នោះ បានឆ្លើយសារភាពថា ពួកគាត់បាននាំគ្នាជិះរថយន្តស្នួល ១គ្រឿង ម៉ាក TOYOTA CAMARY បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2W-9578 ពីផ្ទះនៅស្រុកបវិល ខេត្តបាត់ដំបង តាមផ្លូវវាង ដើម្បីជៀសផុតពីសមត្ថកិច្ច ដែលត្រួតពិនិត្យការបិទខ្ទប់ផ្លូវឆ្លងខេត្ត ទៅដល់ផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត។

បន្ទាប់មកមេខ្យល់ខាងលើ បានមកដឹកពួកគាត់ចេញទៅស្រុកម៉ាឡៃទាំងយប់ រហូតដល់ចំណុចភូមិអូរអំពិល ទើបសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្ដង។ ពេលនោះមេខ្យល់ឈ្មោះ សួស គីម បានដឹងខ្លួនហើយបើកទ្វារឡានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត និងពលករដែលជិះក្នុងនោះចំនួន ១០នាក់ មានកុមារចំនួន ៤នាក់។ រីឯមេខ្យល់ ម៉ក់ ឈន់ ត្រូវឃាត់ខ្លួនបាន។

មេខ្យល់ឈ្មោះ ម៉ក់ ឈន់ ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា រូបគេគ្រាន់តែជាអ្នកមើលផ្លូវឲ្យឈ្មោះ សួស គីម តែប៉ុណ្ណោះដោយឈ្មោះ សួស គីម ឲ្យថ្លៃស្នួល១លើក ចំនួន ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ហើយឈ្មោះ សួស គីម នេះជាអ្នករកស៉ីដឹកជញ្ជូនពលករចេញទៅប្រទេសថៃ ជាញឹកញាប់ផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ។ ចំណែកពលករចំនួន ១០នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងក្រុងសិរីសោភ័ណ។

ដោយឡែក មេខ្យល់ឈ្មោះ សួស គីម សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ ក្នុងនោះសមត្ថកិច្ចចម្រុះ ដកហូតរថយន្តរបស់មេខ្យល់បាន ២គ្រឿង គឺរថយន្តបាឡែនរបស់ឈ្មោះ ម៉ក់ ឈន់ និងរថយន្ត ១គ្រឿងទៀត របស់ឈ្មោះ សួស គីម៕