(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពីការប្រមូលវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់ក្រហមនៃខេត្តព្រះសីហនុ ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ

ការចេញសេចក្ដីណែនាំខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេចកំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម ក្នុងគោលបំណងធានាដល់ការអនុវត្តសេចក្តីសម្រេច និងវិធានការនានារបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាពខ្ពស់។

ដូច្នេះហើយទើបរដ្ឋបាលខេត្តព្រះសីហនុចេញសេចក្ដីណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ-តំបន់ក្រហម ត្រូវតែផ្តល់កិច្ចសហការចុះឈ្មោះជាមួយក្រុមការងារ ដែលកំពុងចុះស្រង់ឈ្មោះនៅតាមផ្ទះ ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសនៅក្នុងក្រុម ភូមិរបស់ប្រជាពលរដ្ឋ និងត្រូវទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាលនៅតាមទីតាំង និងពេលវេលាតាមការជូនព័ត៌មានរបស់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច។

ក្រោយពេលបានផ្តល់វត្ថុសំណាករួចហើយ ពលរដ្ឋសាមីខ្លួននីមួយៗត្រូវដាក់ខ្លួនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ តាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់។ ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេចមិនព្រមទៅផ្តល់វត្ថុសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំនេះ នឹងត្រូវទទួលទោសដូចមានកំណត់នៅក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ៖