(ភ្នំពេញ)៖ ក្រៅពីការចេញមកញុះញង់ប្រជាពលរដ្ឋនៅកម្ពុជាមិនឱ្យ គោរពនិងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅញុះញង់ឱ្យពលរដ្ឋចេញពីលំនៅដ្ឋាន ធ្វើសកម្មភាពធម្មតា ដោយមិនគិតគូរពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការស្លាប់បាត់បង់ជីវិតនៃអ្នកជំងឺ ទណ្ឌិត សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី បានបន្តបំភ្លៃប្រជាពលរដ្ឋអំពីវិធានការបិទខ្ទប់នៅប្រទេសបារាំងនិងនៅប្រទេសកម្ពុជា។

ទណ្ឌិតរូប នេះនិយាយថាការបិទខ្ទប់នៅប្រទេសបារាំងពេលនេះ មានលក្ខណៈខុសគ្នាឆ្ងាយពីកម្ពុជា តែទណ្ឌិតរូបនេះមិន បានលើកឡើងពីការបិទខ្ទប់ ៣ លើករួចមកហើយដែលរដ្ឋាភិបាលបារាំងបានអនុវត្តវិធានការហ្មឺងម៉ាត់ ដូចអ្វីដែល កម្ពុជាកំពុងអនុវត្តនេះទេ។ នេះគឺជាការញុះញង់សុទ្ធសាធ ហើយអ្នកដែលរងគ្រោះពិតប្រាកដមិនមែនក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកទេ គឺប្រជាពលរដ្ឋខ្មែរដែល នឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះមិនគោរពតាមវិធានការសុខាភិបាលដែលជាភាពចាំបាច់ដែលត្រូវអនុវត្តដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។

តាមពិតទៅទណ្ឌិតពូជកូនជនក្បត់ជាតិនេះ និយាយឱ្យបានត្រឹមតែពីរោះខ្លួនឯង និងកុំឱ្យគេឯងភ្លេចមុខភ្លេចសម្តីប៉ុណ្ណោះ។ អ្វីដែលទណ្ឌិតរូបនេះបាននិងកំពុងធ្វើនៅស្រុកបារាំង ហើយថតអួតសកម្មជនរបស់ខ្លួនគឺជា ការបង្ហាញពីពលរដ្ឋបារាំងគំរូដ៏អាក្រក់មួយរូប ដែលមិនគោរពវិធានការបិទខ្ទប់របស់រដ្ឋាភិបាល។

ដោយសារតែបារាំងមានពលរដ្ឋអាក្រក់ដូចទណ្ឌិតរូបនេះ បានជាធ្វើឱ្យប្រទេសបារាំងប្រឈមមុខនឹងការបន្តបិទខ្ទប់ប្រទេស ហើយបើពិនិត្យមើលអត្រានៃការឆ្លងវិញ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,៥លាននាក់ ហើយមានអ្នកស្លាប់ចំនួន ១០២ ៨៧២នាក់ ជាប់ចំណាត់ថ្នាក់លេខ ៤ លើពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាម៉េរិក (៣២,៧៨លាននាក់) ប្រទេសឥណ្ឌា (១៧លាននាក់) និងប្រទេសប្រេស៊ីល (១៤,៣ លាន)។ គ្រាន់តែមួយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ប្រទេសបារាំងមានអ្នកឆ្លងថ្មីចំនួន ៣២៦៤២នាក់ និងស្លាប់ចំនួន ២១៧នាក់។

គំរូដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៊ី មិនមែនជាអ្វីដែលប្រទេសបារាំងត្រូវការហើយកម្ពុជាក៏កាន់តែលែងត្រូវការដែរ។ កម្ពុជាដែលនៅពេលនេះឈរលំដាប់ថ្នាក់ទី១៥៥ ដែលមានការឆ្លងជំងឺកូវីដ១៩ ចំនួន ៩.៣៥៩នាក់ និងមានអ្នកស្លាប់ចំនួន ៧១ នាក់ ហើយកម្ពុជាបាននិងកំពុងចាត់វិធានការយ៉ាងហ្មឺងម៉ាត់ក្នុងការជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋគ្រប់រូប។

ការប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មិន មែនតែកម្ពុជា ហើយការអនុវត្តវិធានការបិទខ្ទប់រាជធានី ក្រុងស្រុក និងប្រទេសត្រូវបានរដ្ឋាភិបាលនានានៅលើ ពិភពលោកសម្រេចយកដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការ ឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ជួយការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ប្រទេសរៀងខ្លួន។ ក្រោមការគ្រប់គ្រងនិងដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគ្រប់គ្រងស្ថានភាពនិងទប់ស្កាត់មិនឱ្យមានការឆ្លង ក្នុងសហគមន៍រយៈពេលជាងមួយឆ្នាំ ទទួលការកោតសរសើរពីពិភពលោក និងបានជួយមនុស្សជាច្រើនរាប់ទាំងជនជាតិបារាំង ដែលជាជនរួមជាតិរបស់ទណ្ឌិតរត់ចោលស្រុកនេះផងដែរ រហូតដល់ពិភពលោកប្រសិទ្ធនាមថា «កម្ពុជាតូចតែបេះដូងទូលាយ»។

ចម្លែកតែកូនពូជជនក្បត់ជាតិ និងគូកន របស់ពួកគេដែលធ្វើមិនដឹងមិនឮពីវិធានការបិទខ្ទប់នេះ ហើយបែរជាប្រើប្រាស់វិធីសាស្ត្រញុះញង់ពលរដ្ឋ ព្យាយាមបំផ្លាញសន្តិភាព ស្ថិរភាពជាតិ និងប៉ុនប៉ងរុញច្រានកម្ពុជាចូលក្នុងភាពចលាចល ដើម្បីបម្រើមហិច្ឆតាឡើងកាន់អំណាច បែបមិនប្រជាធិបតេយ្យរបស់ខ្លួន ខណៈជាតិ និងប្រជាជនកម្ពុជាទាំងមូលកំពុងជាប់ដៃប្រយុទ្ធ នឹងសត្រូវឥតស្រមោលជំងឺកូវីដ១៩ ដើម្បីរក្សាអាយុជីវិត និងភាពសុខសាន្តរបស់ពលរដ្ឋគ្រប់រូប។

ក្រៅពីធ្វើនយោបាយបំផ្លាញជាតិ និងក្បត់ជាតិ ក្បត់ប្រជាជន តើទណ្ឌិតកូនជនក្បត់ជាតិរូបនេះ និងបក្ខពួកបានធ្វើអ្វីជាប្រយោជន៍ជាតិ? នៅពេលដែលពលរដ្ឋកំពុងជួបប្រទះនឹងវិបត្តិបង្កឡើង ដោយជំងឺឆ្លងកូវីដ១៩ តើក្រុមជន ដែលតាំងខ្លួនជាជើងឯកស្នេហាជាតិ ស្រឡាញ់ប្រជាជនបានជួយអ្វីដល់ពលរដ្ឋហើយ? គឺគ្មានឡើយ ក្រៅពីរុញសកម្មជនខ្លួនឱ្យជាប់គុក ជំនួសខ្លួនតាមការញុះញង់ និងយកជើងរាទឹកបង្អាក់វិធានការជួយសង្គ្រោះ ការពារអាយុជីវិតពលរដ្ឋរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ នេះគេហៅថាអ្នកប្រឆាំង ដ៏ងប់ងល់និងវង្វេងវង្វាន់ពុលទឹកមាត់។ សូម្បីតែវិធានការសង្គ្រោះអាយុជីវិតពលរដ្ឋ ដែលរដ្ឋាភិបាលបានដាក់ចុះ ក៏ពួកគេត្រូវតែចេញមកប្រឆាំងដែរ។

ពួកគេគួរខ្មាសពលរដ្ឋកម្ពុជាដែលចេះចែករំលែកទុក្ខលំបាក ចូលរួមជាមួយរាជរដ្ឋាភិបាលចែកគ្រឿងឧបភោគ បរិភោគដល់អ្នកខ្វះខាត និងរួមសាមគ្គីគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។ បើខ្លួនពិតជាស្រឡាញ់ជាតិនិងពលរដ្ឋពិតមែន មិនចាំបាច់ប្រើវិធីញុះញង់ដ៏ថោកទាបឡើយ គឺពួកគេគួរវង្វិលមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យដែលបានរៃអង្គាសបានជិត ១ លានដុល្លារយកមកជួយពលរដ្ឋ ហើយបើមិនបានដល់ពលរដ្ឋទាំងអស់ ក៏សម្រាប់សកម្មជនខ្លួន ដែលខំដើរតាមការបោកប្រាស់របស់ខ្លួនដែរ។ តែទំនង លុយមូលនិធិនេះត្រូវបានក្រុមទណ្ឌិតរត់ចោលស្រុកចាយអស់ទៅហើយ នៅសល់ត្រឹមវិក្កយបត្រប៉ុណ្ណោះ ហើយព្យាយាមរៃអង្គាសប្រាក់បន្ថែមពី សកម្មជនខ្លួនទៀតក៏ថាបាន។

ដូច្នេះ អ្វីដែលកូនជនក្បត់ជាតិព្យាយាមក្រឡុកស្ថានការណ៍ ញុះញង់ប្រជាពលរដ្ឋគឺជាវិធីសាស្ត្របំផ្លាញជាតិ ក្នុងគ្រាដែលជាតិនិងប្រជាជនកំពុងជាប់ដៃក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ១៩ និងខិតខំរុញឱ្យពលរដ្ឋកម្ពុជាបំពានច្បាប់រដ្ឋ និងវិធានការសុខាភិបាល ឆ្លងជំងឺកូវីដ១៩ កាន់តែច្រើន ស្លាប់មនុស្សកាន់តែច្រើន ហើយពួកគេពិតជាសប្បាយរីករាយ ដែលឃើញកម្ពុជាធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ រួចពួកគេនឹងបានលេសវាយប្រហារលើការដឹកនាំ របស់រាជរដ្ឋាភិបាល។

ទង្វើទាំងនេះគឺជាសកម្មភាពក្បត់ជាតិ និងបំពានច្បាប់ជាធរមានដែលចាំបាច់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការផ្លូវច្បាប់ប្រឆាំងមេក្លោងបដិវត្តន៍ពណ៌រូបនេះ ព្រមទាំងគូកននៅក្នុងស្រុកដែលកំពុងតែ ធ្វើការផ្សព្វផ្សាយឃោសនាញុះញង់ ប្រជាពលរដ្ឋតាមមេក្លោងរបស់ខ្លួន ផ្ទុយពីវិធានការរបស់រដ្ឋាភិបាល និងក៏ដើម្បីគ្រប់គ្រងសភាពការណ៍នៃការបិទខ្ទប់ ឱ្យមានប្រសិទ្ធភាពសំដៅការពារអាយុជីវិត ពលរដ្ឋឱ្យខាងតែបាន៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១