(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២នេះ បានដឹកនាំក្រុមការងារចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ៣៥៦គ្រួសារ ស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលស្ថិតក្នុងពេលបិទខ្ទប់នេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ែន សំអន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេផ្ញើជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យក្រុមការងារ រួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិត។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ។ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេសការអនុវត្តវិធានការ ៣ការពារ ៣កុំ និងការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន។

លោកស្រីបានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ៕