(ភ្នំពេញ)៖ ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជូនកម្លាំងចំនួន ២០៦នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង និងបានសហការជាមួយកងពលតូចដឹកជញ្ជូនលេខ៩០ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ ប្រើប្រាស់រថយន្តចំនួន ២៦គ្រឿង លើកដាក់ និងដឹកជញ្ជូនស្បៀងអាហារដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ខណ្ឌទាំង១៤ ក្នុងរាជាធានីភ្នំពេញ បើគិតមកដល់ថ្ងៃនេះមានរយៈពេល ៥ថ្ងៃហើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជា ចូលរួមអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់បែងចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួនតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ។

បើតាមរបាយការណ៍ឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានឱ្យដឹងថា សម្រាប់ថ្ងៃនេះកងកម្លាំងចុះធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហាររួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ក្នុងនោះមានខណ្ឌពោធិ៍សែនជ័យ ស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន ៣,៥០០គ្រួសារ និងខណ្ឌមានជ័យ ចំនួន២,៥០០គ្រួសារ។

ឧត្តមសេនីយ៍ត្រី ស៊ុ សំណាង ជំនួសមុខឱ្យកងកម្លាំងទាំងអស់ បានប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក អគ្គមេបញ្ជាការ ក្រសួងការពារជាតិ គាំទ្រនិងអនុវត្តតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានខិតខំគ្រប់បែបយ៉ាង ដាក់ចេញនូវវិធានការនានា ក្នុងការគ្រប់គ្រង និងដោះស្រាយជំនួយឧបត្ថមជូនប្រជាពលរដ្ឋក្នុងគ្រាជួបទុក្ខលំបាកនេះ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ស៊ុ សំណាង ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ឱ្យមានការអត់ធ្មត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន និងសូមកុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ហើយកងកម្លាំងទាំងអស់គឺខិតខំចូលរួម ដើម្បីជួយដឹកជញ្ជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋ ដើម្បីយើងរួមគ្នាឈានទៅកាត់ផ្តាច់ទាំងស្រុង ការចម្លងមេរោគកូវីដ-១៩ ពីកម្ពុជា៕