(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២នាក់ថ្មីទៀត នៅស្រុកកំពង់ត្រឡាច ដែលពួកគេត្រូវជាប្ដីប្រពន្ធនឹងគ្នា និងមានមុខរបរលក់ដូរនៅផ្សារដើមគរ រាជធានីភ្នំពេញ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រុកកំពង់ត្រឡាចរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២នាក់ទៀត នៅល្ងាចថ្ងៃទី២៤ ខែមេសានោះ។ អ្នកវិជ្ជមានកូវីដ ២នាក់នេះ គឺជាប្ដីប្រពន្ធនឹងគ្នា ដោយប្តីមានឈ្មោះ យ៉ែម រិទ្ធ អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ កេត សុមាលី អាយុ៣៩ឆ្នាំ មានកូន២នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពីរនាក់ប្ដីប្រពន្ធនេះ មានមុខរបរលក់ត្រីនៅផ្សារដើមគរ រាជធានីភ្នំពេញ ដោយពួកគាត់បានក្រោកតាំងពីម៉ោង ៣៖០០ នាទីទៀបភ្លឺ ជិះម៉ូតូឌុបគ្នាទៅចាំលក់ត្រី ដែលរថយន្តដឹកចេញពីខេត្តកំពង់ឆ្នាំងយកមកលក់នៅផ្សារដើមគរជារៀងរាល់ថ្ងៃ។

ប៉ុន្តែពួកគាត់បានឈប់ទៅលក់ត្រីតាំងពីថ្ងៃទី១២ ខែមេសា ដោយសារតែនៅផ្សារដើមគរ មានផ្ទុះជំងឺកូវីដ-១៩ តែក្រោយមកមានការសង្ស័យទៅលើស្ត្រីជាប្រពន្ធ ដែលមានអាការក្អកផ្តាសាយ និងឈឺបំពង់កផងនោះ ពួកគាត់ក៏បាននាំគ្នាមកយកសំណាកធ្វើតេស្ត នៅថ្ងៃទី២២ ខែមេសា ដោយទទួលបានលទ្ធផលវិជ្ជមានទាំងពីរនាក់ នៅល្ងាចថ្ងៃទី២៤ ខែមេសានេះតែម្តង។ បច្ចុប្បន្ន ពួកគាត់ទាំងពីរនាក់ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

លោក ហាក់ ប៊ុន្នី អធិការរងស្រុកកំពង់ត្រឡាច បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសានេះថា ករណីវិជ្ជមានកូវីដ-១៩ លើពលរដ្ឋពីរនាក់ប្ដីប្រពន្ធខាងលើនេះ បច្ចុប្បន្នសមត្ថកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្រុកកំពង់ត្រឡាច បាននិងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធទាំងពីរនាក់ ដើម្បីនាំមកយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពិសេសគឺកូនទាំងពីរនាក់របស់ពួកគាត់ ត្រូវតែនាំមកពិនិត្យសំណាកជាចាំបាច់ ដោយមិនអាចខកខានបានឡើយ៕