(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយកម្លាំងចម្រុះ និងអាជ្ញាធរពាក់ព័ន្ធនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យមើលផ្លូវ ដែលត្រូវបានបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន លើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យដឹងថា ទីតាំងត្រូវបានបិទទាំងនេះ ចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ។

ទីតាំងខាងលើត្រូវបានបិទរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនៃថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ១០៩ សសរ របស់រដ្ឋបាលខេត្ត និងគោរពអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំណូមពរប្រជាពលរដ្ឋយោគយល់ ចំពោះករណីបិទការធ្វើចរាចរណ៍ចេញចូល ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតនេះ ព្រោះការធ្វើឡើងនេះគឺជាការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ដើម្បីការពារប្រជាពលរដ្ឋ និងសង្គមជាតិ៕